សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលរដ្ឋខ្មែរបញ្ចប់ការតតាំងគ្នាចំពោះកម្មវិធីGumball 3000 ហើយងាកមកអបអរសាទរបុណ្យភ្ជុំបិណ្ឌ

តាមបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសោកស្តាយ គឺថាការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធី Gumball 3000 បានក្លាយទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់។ សម្តេចលើកឡើងថា ជាការពិតណាស់ មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា Gumball 3000 បានឆ្លងចេញពីប្រទេសកម្ពុជាច្រើនថ្ងៃទៅហើយ នៅឡើយការជជែកតតាំងគ្នាយកចាញ់ឈ្នះមិនទាន់ចប់ពាក់ព័ន្ធប្រធានបទនេះ  ល្មមដល់ពេលបញ្ចប់ការជជែកតតាំងគ្នាពាក់ព័ន្ធនឹងប្រធានបទនេះ ហើយនាំគ្នាអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរក្នុងសម័យសន្តិភាព។

ឆ្លើយតបទៅកញ្ញា កន្និដ្ឋា ដែលជាម្ចាស់ផេក The Kanitha Show និងជាអ្នករិះគន់មួយរូបលើកម្មវិធី Gumball 3000 សម្តេចធិបតី ហ៊ុន ម៉ាណែត ថា មិនបានប្រកាន់ខឹងនឹងកញ្ញានោះទេ ព្រោះការបញ្ចេញមតិ ពាក់ព័ន្ធនឹងកម្មវិធី Gumball 3000 គឺបង្ហាញពីការព្រួយបារម្ភដែលកម្មវិធីនេះអាចប៉ះពាល់ដល់តម្លៃវប្បធម៌របស់ខ្មែរយើង និងប៉ះពាល់អារម្មណ៍របស់ប្រជាពលរដ្ឋក្រីក្រ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់កញ្ញា កន្និដ្ឋា ថា ការរៀបចំទទួលក្រុមប្រតិភូ Gumball 3000 គឺជាការផ្ដួចផ្ដើមគំនិតរបស់វិស័យឯកជនកម្ពុជា ដែលចង់ទាញយកឱកាសដែលកម្មវិធី Gumball 3000 ឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញបន្ថែមឲ្យពិភពលោកបានឃើញ អំពីសុខសន្តិភាព ស្ថិរភាព ភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា ភាពរួសរាយ រាក់ទាក់ ទន់ភ្លន់របស់ប្រជាជនខ្មែរយើង ក៏ដូចជាស្គាល់វប្បធម៌ សិល្បៈ និងសម្បត្តិបេតិកភណ្ឌដែលដូនតារបស់យើងបានកសាង។

ក្រៅពីនោះ ក៏មានរៀបចំកម្មវិធីសប្បុរសធម៌តាមរយៈការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ សម្រាប់កូនចៅប្រជាពលរដ្ឋយើងក្នុងការថែទាំ និងព្យាបាលសុខភាព។

រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ បានផ្ដល់ការគាំទ្រចំពោះការរៀបចំកម្មវិធីនេះ ដោយគិតគូរទាំងជ្រុងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការការពារតម្លៃនៃវប្បធម៌របស់យើង ជាពិសេសការគោរពនៅក្នុងតំបន់ប្រាសាទអង្គរវត្ត។

សម្តេចក៏បានអរគុណកញ្ញា កន្និដ្ឋា ដែលបានយល់អំពីគោលបំណងនៃការរៀបចំទទួលកម្មវិធី Gumball 3000 នៅកម្ពុជា ទោះជាការរៀបចំមានទិដ្ឋភាពខ្លះមិនស្របជាមួយនឹងគំនិតរបស់កញ្ញាក៏ដោយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅកម្ពុជា រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ចប់ទៅពោរពេញដោយស្នាមញញឹម និងបរិយាកាសកក់ក្តៅជាទីបំផុត ក្រោមការរក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចម្រុះ ក្នុងការរៀបចំ និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធីទាំងមូល និងបានកៀគរថវិកាពីសប្បុរសជន ដើម្បីប្រគល់ឱ្យមន្ទីរពេទ្យកុមារអង្គរ។

អត្ថបទ៖ ពុទ្ធិកា