អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានសម្រេចឲ្យសភាស៊ើបសួរព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ ពាក់ព័ន្ធការសម្រេចឲ្យជនជាប់ចោទម្នាក់ជាប់ពន្ធនាគារចំនួន៥ឆ្នាំ ករណីបើករថយន្តបុករះស្លាប់ ៤នាក់ នៅចំណុចស្ពានអាកាសឬស្សីកែវ។
យោងតាមសេចក្តីប្តឹងឧទ្ធរណ៍ ផ្សព្វផ្សាយរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានសម្រេចឲ្យប្តឹងឡើងវិញចំពោះការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីនេះ។
ការសម្រេចពិនិត្យឡើងវិញនេះ ក្រោយពីសម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យក្រសួងយុត្តិធម៌សើរើករណីបុរសស្រវឹងស្រាបុកមនុស្សស្លាប់៤នាក់ របួស៤នាក់ នៅក្រោមស្ពានអាកាសឬស្សីកែវ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសផ្អែកលើច្បាប់ឱ្យជាប់ទោស៥ឆ្នាំឡើងវិញ ដើម្បីពិនិត្យមើលការផ្ដន្ទាទោសនេះស្របតាមច្បាប់ឬនៅ។ សម្ដេចធិបតីបញ្ជាបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
គួររំលឹថា មានមនុស្សប្រុសស្រី៤នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បុរសដែលបើករថយន្ដនេះ គឺស្ថិតក្នុងស្ថានភាពស្រវឹង កំរិតជាតិអាកុល ០.៥៤ មីលីតខ្សល់៕
អត្ថបទ៖ អក្ខរា