អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យពង្រឹងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអោយអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពិសេសជួយមើលថែទ្រព្យសម្បត្តិជូនពួកគាត់ ខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ។

ការណែនាំបែបនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានី,មេបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀតនារសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤នេះ ។

ជាមួយគ្នានេះ ឯកឧត្ដម ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សម្រាប់បុណ្យភ្ជុំបិណ្ឌ នេះ ស្នងការនគរបាលរាជធានីភ្នំពេញបានប្រើប្រាស់កម្លាំងជាង២០០០នាក់ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងនោះមានទាំងការដាក់កម្លាំងនៅតាមវត្តទាំង១៥០វត្ត ដោយសហការជាមួយប្រជាការពារ។ ហើយក៏ដាក់កម្លាំងចំនួន៤៦គោលដៅ ដើម្បីល្បាត សម្រួលចរាចរណ៍ និងបង្ការទប់ស្កាត់គ្រោះអគ្គីភ័យជាដើម៕

អត្ថបទ៖ ពុទ្ធិកា