សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវលើបណ្តាញសង្គមឲ្យប្រជាពលរដ្ឋចូលរួមកម្មវិធី «ភ្ជុំបិណ្ឌវេចនំជុំញាតិ» នៅវត្តគល់ទទឹង ពីថ្ងៃទី២៨-២៩ ខែកញ្ញា។
តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតី បានលើកឡើងថា៖ “ចូលរួមចំណែកទាំងអស់គ្នា ដើម្បីរក្សាវប្បធម៌ដ៏មានតម្លៃរបស់ជាតិយើង ដើម្បីក្លាយជាអ្នកបន្តវេណ រក្សាតម្លៃដ៏ពិសិដ្ឋ ដែលដូនតាយើងបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ”។
គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំកម្មវិធី «ភ្ជុំបិណ្ឌវេចនំជុំញាតិ» រយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែកញ្ញា ចាប់ពីម៉ោង ៨:៣០នាទីព្រឹកតទៅ នៅក្នុងបរិវេណវត្តនិគ្រោធវ័ន ឬវត្តគល់ទទឹង ដែលស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្មវិធី «ភ្ជុំបិណ្ឌវេចនំជុំញាតិ» រៀបចំឡើងដើម្បីចូលរួមចំណែក ថែរក្សាទំនៀមទម្លាប់ ប្រពៃណី ដ៏ល្អផូរផង់របស់ដូនតាខ្មែរ ជាមួយនឹងកម្មវិធីអមជាច្រើនទៀតដូចជា ការរៀនបត់ផ្កាឈូក ក្រងផ្កាម្លិះ ការសម្តែងចាប៉ីដងវែង ស្មូត្រកំណាព្យ ចូលរួមបណ្តែតប្រទីប និងការស្វែងយល់បន្ថែមអំពីសង្ឃសព្ទជាដើម។
សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះនឹងក្លាយជាវេទិកាជួបជុំញាតិមិត្តដោយស្នាមញញឹម និងដើម្បីស្វែងយល់អំពីរបៀបនៃការវេចនំ អន្សមរបស់ខ្មែរ ក្នុងការចូលរួមថែរក្សាទំនៀមទម្លាប់ ប្រពៃណីតាំងពីយូរលង់ណាស់មកហើយ៕