សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានឆ្លើយតបទៅនឹងខំមិនអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលលើកឡើងថា៖ “ខ្ញុំបាទចង់សំណូមពរអោយរាជរដ្ឋាភិបាលគិតគូរឿងដីសម្បទានទៅអោយក្រុមហ៊ុនវៀតណាមគួតែដកចេញ និងរឿងលំហូជនជាតិវៀតណាមមកកម្ពុជា បើតាមប្រវត្តិសាស្រ្តយើងទំាងអស់គ្នាបានដឹងហើយថាកាខ្ចីដីរបស់ជនជាតិវៀតណាមនៅក្នុងឆ្នំា១៦២៣ ក្នុងរាជព្រះបាទជ័យជេដ្ឋាទី២ និងការលំហូជនជាតិនេះហើយ ដែលបានធ្វើអោយកម្ពុជាយើងបាត់បង់ទឹកដីកម្ពុជាក្រោម ខ្ញុំមិនកាន់និន្នាកានយោបាយខាងបក្សណានោះទេតែក្នុងនាមជាកូនខ្មែរព្រួយបារម្ហទៅថ្ងែក្រោយក្លាចជាន់ដានប្រវត្តិសាស្រ្ត”។
តបនឹងខំមិនខាងលើនេះ សម្តេចតេជោបានផ្តល់ខ្លឹមសារសំណេរពន្យល់ទាំងស្រុងដូចខាងក្រោម៖
សូមកុំទៅហួសជ្រុលរំលោភលើច្បាប់អន្តរជាតិដែលគាំពារដោយអង្គការពាណិជ្ជកម្មពិភពលោកនិងតុលាការអន្តរជាតិ។ ច្បាប់វិនិយោគរបស់កម្ពុជាធានាដល់ការវិនិយោគដោយគ្មានការរើសអើង។ កិច្ចព្រមព្រៀងវិយោគរវាងកម្ពុជាជាមួយប្រទេសនានាត្រូវបានផ្តល់សច្ចាបន័ដោយរដ្ឋសភាដែលសុទ្ធតែតម្រូវឲ្យប្រើប្រាស់តុលាការអន្តរជាតិក្នុងករណីមានវិវាទ។ យើងមិនត្រូវក្លាយជាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិទាក់ទងនិងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិយោគនោះឡើយ។
លោកលើកឡើងប្រវត្តិឆ្នាំ១៦២៣ជំនាន់ព្រះជ័យជេដ្ឋាទី២តែពេលនេះឆ្នាំ២០២៤ដែលមានច្បាប់ជាតិនិងអន្តរជាតិទាំងUN&WTO។យើងមិនបានអនុញ្ញាតិឲ្យជនបរទេសយកជនជាតិគេមកធ្វើការជំនួសកម្មករខ្មែរទេលើក
លែងតែអ្នកទទួលខុសត្រូវនិងអ្នកបច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ។ការវិយោគរបស់វៀតណាមមកកម្ពុជាក៏បានរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជាដែលជួយឲ្យយើងមានផលិតផលនាំចេញទទួលបានប្រាក់ចំណូលនិងដោះស្រាយការងារធ្វើឲ្យប្រជាជនយើង ជួយដល់បច្ចេកវិជ្ជាព័ត៌មានតាមរយះវិយោគធំជាងគេលើប្រពន្ធ័ទូរសព្វ័០៩៧ឬហៅថាវៀតតែល។ ការវិនិយោគលើវិស័យកសិកម្មឧស្សាហកម្មកែឆ្នៃ ធនាគារ មន្ទីរពេទ្យបានរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាកើនយ៉ាងឆាប់រហ័សក្នុងរយះ២០ឆ្នាំចុងក្រោយនេះ។
ប្រសិនយើងបញ្ឈប់ការវិនិយោគរបស់វៀតណាមយើងត្រូវរកលុយរាប់ពាន់លានដុល្លារសងទៅវៀតណាមតាមតុលាការអន្តរជាតិតម្រូវឲ្យសងព្រោះយើងជាអ្នករំលោភលើកិច្ចព្រមព្រៀង។ ជាមួយគ្នានេះ យើងត្រូវត្រៀមបាត់បង់ការងារធ្វើបាត់បង់ប្រាក់ចំណូលសម្រាប់អ្នកធ្វើការរាប់មុឺននាក់ដែលកំពុងធ្វើការក្នុងក្រុមហ៊ុនដែលវិយោគដោយវៀតណាម។
បើទោះCLV-DTAត្រូវបានលុបចោលតែយើងមិនបានផ្តាច់ទំនាក់ការទូតជាមួយវៀតណាមឬឡាវទេ។ កិច្ចសហការទ្វេភាគីនិងពហុភាគីនៅតែបន្តដែលនេះជា តម្រូវការរបស់ប្រទេសដែលមានព្រំដែនជាមួយគ្នាដែលត្រូវកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាពសហប្រត្តិការនិងការអភិវឌ្ឍ។ ជម្លោះប្រដាប់អាវុធតាមព្រំដែនមិនត្រូវឲ្យកើតមានទេត្រូវខិតខំដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី។ បទពិសោធន៍ដែលថៃលើកកងទ័ពចូលប្រាសាទព្រះវិហារឆ្នាំ២០០៨ និងការវាយគ្នាតាំងពីឆ្នាំ២០០៨ដល់ឆ្នាំ២០១១ផ្តល់មេរៀនគ្រប់គ្រាន់ឲ្យកម្ពុជានិងថៃចេះរួមរស់ជាមួយគ្នាដោយឈលើស្ថានភាពឈ្នះ ឈ្នះប្រសើរជាងឈលើស្ថានភាពចាញ់ ចាញ់។
ថ្ងៃនេះខ្ញុំក៏ឃើញពួកជ្រុលនិយមលើកពី CLMV ដែលចង់ឲ្យកម្ពុជាដកខ្លួនចេញទៀត។ ខ្ញុំពិតជាមានការអៀនខ្មាសណាស់នៅពេលឃើញជនជាតិខ្មែរមួយចំនួនល្ងង់បែបនេះ។ រឿងកម្ពុជា ឡាវ ម៉ៃយ៉ាន់ម៉ា វៀតណាមឬហៅកាត់ថា CLMV បានកើតឡើងនៅឆ្នាំ២០០០ ពេលសឹង្ហបុរីជាប្រធានអាស៊ានដែលបានដាក់ចេញសមាហរណ្ណកម្មកាត់បន្ថយគម្លាតអាស៊ានដែលអាស៊ានចាស់៦ ដែលជាប្រទេសជឿនលឿនមានឥណ្ឌូណេស្រុី ម៉ាឡេសុី ប្រុយណេ ថៃ ហ្វីលីពីនសង្ហបុរីរកវិធីជួយប្រទេសអាស៊ានថ្មី៤ ដែលក្រីក្រដែលនៅតាមដងទន្លេមេគង្គជាមួយគ្នាមានកម្ពុជា ឡាវ ម៉ៃយ៉ានម៉ា វៀតណាម។ប្រទេសដៃគូរអាស៊ានក៏បានចូលរួមដូចជាចិនឡាងឆាង មេគង្គ ជប៉ុនមេគង្គកូរ៉េមេគង្គ អាមេរិក មេគង្គ។ល។
បកត្រឡប់មកវិញត្រូវគោរពច្បាប់វិនិយោគការពារការវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់ដោយគ្មានការរើសអើងគោរពច្បាប់អន្តរជាតិ និងវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក។ សហការជាមួយប្រទេសជិតខាងជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីការរីកចំរើនរបស់កម្ពុជានិងសន្តិភាពក្នុងតំបន់៕