ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានឆ្លើយតបទៅកញ្ញាកន្និថា ថាគប្បីបើកចិត្តឱ្យទូលាយទទួលយកអ្វីដែលជាផលប្រយោជន៍ជាតិ កុំសប្បាយអរនឹងភាពល្បឺល្បាញបន្តិច ពិសេសកុំទាន់មានមោទនភាព ទាញខ្លួនមកឆ្លើយឆ្លងជាមួយសម្តេចធិបតី ទាំងដែលសម្តេចធិបតីអត់បាននិយាយអ្វីសូម្បីមួយមាត់។
ការឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា កន្និថា បាននិយាយក្នុងវីដេអូបង្ហោះក្នុងផេកfacebook «The Kanitha Show» ថាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនឹងសំណេររបស់កញ្ញា រឿង Gumball 3000។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម គួច វែងស្រ៊ុន បានពន្យល់ថា កន្លងទៅផេកសម្តេចធិបតីក៏ធ្លាប់យកវីដេអូរបស់ប្អូនកន្និថាមកផ្សាយ ហើយការយកវីដេអូរបស់ប្អូនសុភ័ណ្ឌមកផ្សាយក៏មិនមានអ្វីខុស ឬជាការឆ្លងឆ្លើយទៅនឹងនរណាដែរ។ គោលបំណងដ៏ឧត្តុងឧត្តមរបស់សម្តេចធិបតី គឺចែករំលែកព័ត៌មាន ឬខ្លឹមសារណាដែលមានផលប្រយោជន៍ជូនជាតិ និងប្រជាជន ពិសេសខ្លឹមសារដែលយុវជនអាចបកស្រាយជូនមហាជនងាយយល់ និងកុំបង្កើតការភាន់ច្រលំណាមួយ។
ឯកឧត្តម គួច វែងស្រ៊ុន បានបញ្ជាក់ថា សម្តេចធិបតី មិនបានមានប្រសាសន៍សូម្បីមួយមាត់ទាក់ទងនឹងប្អូនកន្និថា គឺមានតែប្អូនសុភ័ណ្ឌជាអ្នកចេញវីដេអូបកស្រាយ ហើយចោទជាសំណួរ ក៏ដូចជាពន្យល់ប្អូនកន្និថា។ តែបែរជាប្អូនកន្និថា ផុសវីដេអូថាឆ្លើយតបសម្តេចធិបតីទៅវិញ។ ផេកការងារផ្លូវការរបស់សម្តេចធិបតី បានផ្សព្វផ្សាយខ្លឹមសារជាអក្សរផង រូបភាពផង វីដេអូផង ជាច្រើនរាប់មិនអស់ ពិសេសអត្ថន័យនៃខ្លឹមសារណាដែលមានគុណសម្បត្តិដល់ជាតិ និងផលប្រយោជន៍ជូនប្រជាជន ចឹងប្អូនកន្និថា ត្រូវឱ្យសាម៉ីខ្លួនចេញវីដេអូឆ្លើយតបប្អូនដែរ?
ឯកឧត្តម បានបញ្ជាក់បន្តថា ៖ «តម្លៃរបស់ប្អូន គប្បីប្អូនជាអ្នកផ្តល់តម្លៃ ប្រហែលមិនទាន់ដល់ថ្នាក់យកកម្រិតចំណេះដឹងត្រឹមប្អូន វាយតម្លៃត្រឹមមួយជ្រុង ហើយមកប្រៀបធៀបជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីនោះទេ។ វីដេអូឃើញធ្វើច្រើនមកហើយ មានខ្លះក៏ត្រូវ មានខ្លះក៏ខ្វះខាតច្រើនផងដែរ។
មួយវិញទៀត បងឃើញប្អូនមកលេងស្រុកខ្មែរប៉ុន្មានថ្ងៃដែរ តែដូចអត់ឃើញផុសអ្វីដែលជាភាពវិជ្ជមានរបស់ខ្មែរសោះ អត់ឃើញផុសថាបានទៅលេងអង្គរ ហើយហៅអ្នកស្រុកប្អូនមកលេងសោះ តែដល់ពេលខ្មែរមួយនគរសាទរបរទេសគេមកលេង សរសើរខ្មែរ បែជាប្អូនខឹង រិះគន់ទៅវិញ និយាយចេះនិយាយចុះ។»
ជាមួយគ្នានេះ ឯកឧត្តម បានឲ្យ កញ្ញា កន្និថា គប្បីបើកចិត្តឱ្យទូលាយទទួលយកអ្វីដែលជាផលប្រយោជន៍ជាតិ កុំសប្បាយអរនឹងភាពល្បឺល្បាញបន្តិច ពិសេសកុំទាន់មានមោទនភាពទាញខ្លួនមកឆ្លើយឆ្លងជាមួយសម្តេចធិបតី ទាំងដែលសម្តេចធិបតីអត់បាននិយាយអ្វីសូម្បីមួយមាត់។