រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលជារាជរដ្ឋាភិបាលសេដ្ឋកិច្ចក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ស្វាហាប់ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៨ដុល្លារសម្រាប់ឆ្នាំ២០២៥ជូនកម្មករ និយោជិតដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប មានចំនួនជាង៩១ម៉ឺននាក់ដែលកំពុងបម្រើការនៅក្នុងរោងចក្រសហគ្រាសជាង១៥០០ក្នុងពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថាលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ តាមរយៈការបោះឆ្នោត មានសំឡេងភាគច្រើនលើសលប់៤៦លើ៥១សំឡេងបានគាំទ្រតួលេខ២០៦ដុល្លារ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់គោលការណ៍ជូនឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យបន្ថែម២ដុល្លារលើតួលេខ២០៦ដុល្លារ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីដែលនឹងត្រូវដំឡើងជូនកម្មករ និយោជិតដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបចំនួនជាង៩១ម៉ឺននាក់គឺ២០៨ដុល្លារក្នុង១ខែគឺកើនឡើង៤ដុល្លារបើប្រៀបធៀបនឹងឆ្នាំ២០២៤ដែលមានត្រឹមតែ២០៤ដុល្លារ។ ប្រាក់ឈ្នួលអប្បបរមាចំនួន២០៨ដុល្លារដែលនឹងត្រូវអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០២៥ខាងមុខនេះនឹងជួយធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារកាន់តែមានភាពល្អប្រសើរឡើងជាងមុនមួយកម្រិតទៀត។
ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតបានទទួលកន្លងមក នៅតែរក្សាចំនួនដដែលដូចជាប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារ ក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារក្នុងមួយខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន២,០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី២ដល់១១ដុល្លារក្នុងមួយខែសម្រាប់កម្មករនិយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ដល់ឆ្នាំទី១១។ ក្រៅពីនេះ កម្មករនិយោជិតក៏នូវទទួលបានប្រាក់បន្ថែមម៉ោងការងារដែលធ្វើអោយប្រាក់បៀវត្សរ៍ជាមធ្យមសរុបរបស់កម្មករនិយោជិតម្នាក់ៗទទួលបានយ៉ាងតិចចំនួនពី២៦០ដុល្លារក្នុងមួយខែ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី តាមរយៈបណ្តាញសង្គម បានលើកឡើងថាទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំនេះ ទោះតិចក្តី ច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិតនៃយើង។
សម្តេចធិបតី បានសង្កត់ធ្ងន់ថាក្នុងឆ្នាំ២០២៤នេះ ប្រទេសជាច្រើននៅក្នុងតំបន់មិនមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទេដោយសារស្ថានភាពសេដ្ឋកិច្ចមិនទាន់ល្អប្រសើរហើយប្រាក់ឈ្នួលអប្បបរមាដែលគិតជាប្រាក់ដុល្លារអាមេរិកនៃប្រទេសមួយចំនួនមិនត្រឹមតែមិនកើនទេ គឺថែមទាំងថយទាបជាងចុងឆ្នាំ២០២៣ទៅវិញ ដោយសារតែការប្រែប្រួលនៃអត្រាប្តូរប្រាក់នៃប្រទេសទាំងនោះ។
ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេចធិបតីសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថាសម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និងដាក់វិធានការបន្ថែមដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ ពិតណាស់ថារាជរដ្ឋាភិបាលអាណត្តិទី៧ពិតជាមានឆន្ទៈយ៉ាងមុតមាំក្នុងការបម្រើប្រជាពលរដ្ឋ និងប្តេជ្ញាប្រឹងប្រែងរិះរកវិធីសាស្ត្រនានាតាមគ្រប់លទ្ធភាពដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។
សម្តេចធិបតីសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះប្រកបដោយវិជ្ជាជីវ: និងស្មារតីរួម និងសូមអរគុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានខិតខំដឹកនាំសម្របសម្រួលការចរចានេះ។
ចំពោះមុខនៃស្ថានភាពអស្ថិរភាព និងមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងតំបន់មិនទាន់ដែលបានកើតចេញពីវិបត្តិនៃជំងឺកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន នៅមជ្ឈឹមបូព៌ា និងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាចដោយកត្តាភូមិសាស្ត្រនយោបាយ បានធ្វើឱ្យប្រទេសនៅតំបន់អាស៊ីដែលផលិតសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរបានធ្លាក់ចុះនូវការបញ្ជាទិញហើយប្រទេសកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ដែលកើតចេញពីវិបត្តិនេះផងដែរ។ ប៉ុន្តែ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្មករនិយោជិតពិតជាមានសំណាងដែលមានសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបាលដ៏ឆ្នើម ឈ្លាសវៃ ស្វាហាប់ ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មីបន្តពីសម្តេចតេជោ ហ៊ុន សែន បានធានា និងផ្តល់នូវភាពកក់ក្តៅហើយជានិច្ចកាលតែងគិតគូរពីបញ្ហាប្រឈមនានាដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងបានចាត់ទុក្ខសុខទុក្ខរបស់ប្រជាពលរដ្ឋជាកិច្ចការអាទិភាពបំផុតដែលត្រូវដោះស្រាយជាបន្ទាន់។
ពិតណាស់ថារាជរដ្ឋាភិបាលអាណត្តិទី៧ពិតជាមានឆន្ទៈយ៉ាងមុតមាំក្នុងការបម្រើប្រជាពលរដ្ឋ និងប្តេជ្ញាប្រឹងប្រែងរិះរកវិធីសាស្ត្រនានាតាមគ្រប់លទ្ធភាពដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតតាមរយៈការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤រហូតដល់២០៤ដុល្លារ និងឆ្នាំ២០២៥ខាងមុខដល់ចំនួន២០៨ដុល្លារ និងការលើកទឹកចិត្តផ្សេងៗទៀតដូចជាការដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់កម្មករនិយោជិត ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងបងប្អូនកម្មករនិយោជិតចំនួនប្រមាណ១,៥លាននាក់ និងការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីជាកម្មការិនីនិយោជិតមានផ្ទៃពោះទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូន ការបង្កើតទារកដ្ឋាននៅកន្លែងការងារ និងការបង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដុមរមនានៅកន្លែងធ្វើការដើម្បីប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្ដមួយជាដើម។
ការផ្សព្វផ្សាយព័ត៌មាននូវការដំឡើងប្រាក់បៀវត្សរ៍សម្រាប់ឆ្នាំ២០២៥ជូនកម្មករនិយោជិតដែលបម្រើការងារក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបកាលម្សិលម៉ិញនេះគឺពិតជាជាអំណោយដ៏ថ្លៃថ្លាដែលសម្តេចប្រមុខរាជរដ្ឋាភិបាលផ្តល់ជូនបងប្អូនកម្មករនិយោជិតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដ៏សែនរីករាយ៕