រដ្ឋសភានៃកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងហើយ លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ២រូប ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ ប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ប្តូរមកកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។
ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ដោយមានសំឡេងសមាជិកសភាបោះឆ្នោតគាំទ្រ១០៦/១០៦។
ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនេះ ធ្វើឡើងតបតាមសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះគឺជាការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល លើកដំបូងហើយ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលបានធ្វើដំណើររយៈពេលជាង ១ឆ្នាំកន្លងមកនេះ៕
អត្ថបទ៖ អក្ខរា