ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការសម្របសម្រួលអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនេីប សហគមន៍កសិករប្រេីប្រាស់ទឹកនិងភូមិគំរូ។
នៅក្នុងកិច្ចប្រជុំដែលរៀបចំធ្វើនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹកនិងឧតុនិយមនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានលើកឡើងអំពីលទ្ធភាពដែលក្រសួងទាំង៣ អាចរួមគ្នាបង្កើតសមិទ្ធផលសម្រាប់ជាតិ និងប្រជាជន តាមរយៈការផ្តល់សេវាសាធារណៈ ការបង្កើតសហគមន៍រួមគ្នា ការរៀបចំរចនាសម្ព័ន្ធ និងផែនការអនុវត្តរួមគ្នា ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នៃការងារ ក្រោមអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
តាមរយៈកិច្ចពិភាក្សាពេញមួយព្រឹក ឯកឧត្តមរដ្ឋមន្ដ្រីនៃក្រសួងទាំង៣ បានព្រមព្រៀងគ្នាជាគោលការណ៍ និងបានដាក់ចេញនូវការងារសំខាន់ចំនួន ៣ រួមមាន៖
១. បន្តការអនុវត្តនូវរបបប្រជុំទៀងទាត់ រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ទិសដៅការងារបន្ត។
២. ការបង្កើតនូវតួនាទី និងភារកិច្ចទទួលខុសត្រូវ (ToR) មួយ សម្រាប់ក្រុមការងារ ស្តីពីការងារត្រី-វិស័យ (កសិកម្ម ទឹក និងជនបទ) ធ្វើយ៉ាងណាឱ្យមានភាពស៊ីចង្វាក់គ្នា ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាជននៅទីជនបទ ដោយតម្កល់ប្រយោជន៍ជាតិជាធំ។
៣. កំណត់ និងឯកភាពតំបន់គោលដៅយុទ្ធសាស្ត្រ ដែលជាអាទិភាពរួមរបស់ការងារត្រី-វិស័យ ហើយដាក់ធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ និងឆាប់រហ័ស។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រីទាំង ៣រូប នឹងអញ្ជើញចុះបេសកកម្មរួមគ្នា ដើម្បីពិនិត្យសហគមន៍យុទ្ធសាស្ត្រនាពេលខាងមុខ ក្នុងគោលដៅជំរុញការងារនេះឱ្យចេញជារូបរាងពិតប្រាកដ ឆាប់រហ័ស មានលទ្ធផលល្អ ជាគំរូដល់សហគមន៍នានា ទទួលបាននូវភោគផលសេដ្ឋកិច្ច និងសេដ្ឋកិច្ចមាត្រដ្ឋានខ្ពស់ ដែលស្របនឹងគោលនយោបាយជាតិ កម្ពុជាឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
សូមរំឭកជូនថា នេះគឺជាលើកទី២ហើយ ដែលឯកឧត្តមរដ្ឋមន្ដ្រីទាំង៣រូប ជួបប្រជុំក្នុងក្របខណ្ឌត្រីភាគី ដោយកិច្ចប្រជុំអន្ដរក្រសួងលើកទី១ រៀបចំធ្វើនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង៣។ តាមរយៈកិច្ចប្រជុំលើកទី១ ក្រសួងទាំង៣ បានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នាចំនួនបួនចំណុច រួមមាន៖
១. កំណត់គោលដៅយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងទាំងបី ដោយដាក់កម្លាំងនិងធនធានរួមគ្នាដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។
២. ប្រឹក្សាយោបល់ជាមួយគ្នាតាមជំនាញនិងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់និងជាប់លាប់ ដើម្បីបង្ការ និងទម្លុះនូវភាពរាំងស្ទះទាំងឡាយ ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។
៣. ផ្សារភ្ជាប់គម្រោងនិងកម្មវិធីនយោបាយដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទទួលបានអត្ថប្រយោជន៍ជាអតិបរមា។
៤. ឯកភាពជាគោលការណ៍បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រៀងរាល់បីខែម្ដង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការអនុវត្តការងារបន្ត៕