“តើអស់លោកសមកើតជាខ្មែរទេ? តើបេះដូង ឈាម និងខួរក្បាលរបស់អស់លោកសាងពីអ្វីបានជាមានចិត្តអន្យតិរ្ថិយចំពោះជាតិសាសន៍ខ្លួនឯងយ៉ាងនេះ? ព្រឹត្តិការណ៍ដ៏ធំដែលប្រមូលផ្តុំដោយជនល្បីល្បាញលំដាប់ពិភពលោកនាំគ្នាមកជួបជុំនៅលើទឹកដីកម្ពុជាដោយលើកទង់ជាតិខ្មែរ និងផ្សាយពីអង្គរវត្តរបស់ខ្មែរឱ្យល្បីពេញពិភពលោក បែរជាមានខ្មែរជ្រុលនិយមមួយក្តាប់តូចអាចខ្ជាក់ចេញពាក្យបែបនេះទៅកើត????? ពិតជាគួរឱ្យខ្មាសអៀនណាស់!” នេះជាសំណេររបស់អ្នកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សំណេររបស់ឯកឧត្តមនៅយប់ថ្ងៃទី១៨ ខែកញ្ញានេះ ជាការផ្ញើសារទៅវិទ្យុ RFA ដែលបានចុះផ្សាយអត្ថបទមួយមានចំណងជើងថា ពលរដ្ឋមួយចំនួនបារម្ភថា ក្បួនរថយន្តរាប់រយរបស់ Gumball 3000 បង្ករឲ្យញ័ររញ្ជូយគ្រឹះប្រាសាទ។
ផ្ទុយពីការចុះផ្សាយរបស់វិទ្យុបម្រើបរទេសនេះ ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានមហាជនខ្មែរសម្តែងការអបអរសាទររីករាយជាខ្លាំងចំពោះព្រឹត្តិការណ៍អន្តរជាតិលើកដំបូងនេះ ជាមួយនឹងការរំពឹងទទួលបានផលចំណេញមហាសាលដែលធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់ច្បាស់នូវពេលវេលាមានសុខសន្តិភាព ភាពរីកចម្រើនរុងរឿងនៃវប្បធម៌ ប្រពៃណីរបស់ខ្លួនលើឆាកអន្តរជាតិ។
ព្រឹត្តិការណ៍ Gumball មិនត្រឹមតែបានស្រូបទាញអ្នកមកទស្សនាកម្ពុជាក្នុងអំឡុងពេលកម្មវិធីប៉ុណ្ណោះទេ តែវាក៏បានផ្ញើសារទៅកាន់ពិភពលោកនូវសក្តានុពលវិស័យទេសចរណ៍ ស្នាមញញឹមរបស់ប្រជាជន និងបរិយាកាសដ៏សែនកក់ក្តៅដែលអ្នកចូលរួមកម្មវិធីបានចែករំលែកនៅលើទំព័របណ្តាញសង្គមរបស់ពួកគេ៕
អត្ថបទ៖ អក្ខរា