សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ លោកស្រី ឡរ៉ែល អ៊ី មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ីថ្មី ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
លោកស្រីប្រធាន មានប្រសាសន៍ថា មូលនិធិអាស៊ី តែងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ជាពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរនៅតាមមូលដ្ឋាន ដូចជាការចុះធ្វើការស្រាវជ្រាវពីជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកសាងភាពធន់នឹងវិបត្តិ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការបើកវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តកសាងគម្រោងថវិកា ជាដើម។
សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ មូលនិធិអាស៊ី នឹងបន្តខិតខំគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយអនុលោមតាមយុទ្ធសាស្រ្ត គោលនយោបាយ និងរបៀបវារៈអាទិភាពរបស់រដ្ឋាភិបាល ដែលជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងជាបេកកម្មរបស់មូលនិធិអាស៊ី គឺធ្វើយ៉ាងណាបន្តគាំទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ។
លោកស្រី ក៏សូមយកឱកាសនេះ សម្តែងនូវការដឹងគុណ និងស្ញប់ស្ងែងជាទីបំផុតចំពោះការគាំទ្រ ព្រហ្មវិហារធម៌ និងទឹកចិត្តសប្បុរសសណ្តោសប្រណី របស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដែលបានជួយឱ្យបុគ្គលិកជនជាតិអាហ្វហ្កានីស្ថាន ដែលភៀសខ្លួនពីប្រទេសអាហ្វហ្កានីស្ថាន មកជ្រកកោនបណ្តោះអាសន្ននៅក្នុងទឹកដីកម្ពុជា រហូតមានទីស្នាក់អាស្រ័យថ្មីនៅក្នុងប្រទេសអូស្រ្តាលី ឬសហរដ្ឋអាមេរិក។ លោកស្រី តែងតែលើកពីគំរូវីរភាព និងកាយវិការសប្បុរសប្រកបដោយព្រហ្មវិហារធម៌ មិនងាយរកបាន របស់សម្តេចតេជោ ប្រាប់ទៅមេដឹកនាំរដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងពិភពលោក ដែលគួរតែយកជាគំរូ ហើយមេដឹកនាំទាំងនោះ ក៏បានគោរពកោតសរសើរសម្តេចតេជោ ផងដែរ។
សម្តេចតេជោ បានមានប្រសាសន៍ថា សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ដែលជារាជរដ្ឋាភិបាលជំនាន់ថ្មី ដែលកើតចេញពីការលះបង់របស់សម្តេចតេជោ ដើម្បីសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង សម្តេចតេជោ ជឿជាក់ថា ជាការសម្រេចចិត្តបានត្រឹមត្រូវជាទីបំផុត ព្រោះសមស្របនឹងស្ថានភាពពិភពលោក និងដំណាក់កាលបដិវត្តន៍ឧស្សាហកម្មទី៤ ដំណាក់កាលទី១នៃយុទ្ធសាស្ត្របញ្ចកោណ ផ្តោតលើឌីជីថល និងបច្ចេកវិទ្យា ដែលត្រូវការមេដឹកនាំជាយុវជនជំនាន់ថ្មីផងដែរ។ សម្តេចតេជោ បានបន្តទៀតថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបន្តការងារពីអាណត្តិមុន ប៉ុន្តែបន្ថែម ឌីជីថលនិងបច្ចេកវិទ្យា គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា អមដោយបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ផ្អែកលើការដាក់ចេញយុទ្ធសាស្រ្ត និងគោលនយោបាយអាទិភាពបែបនេះ សម្តេចតេជោ ជឿជាក់ថា មូលនិធិអាស៊ី នឹងយកទៅសិក្សាដើម្បីកសាងកម្មវិធី និងគម្រោងនានា ដែលស៊ីចង្វាក់គ្នា ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាល អភិវឌ្ឍប្រទេសកម្ពុជា ឱ្យសម្រេចបានទៅតាមគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តដល់សម្តេច ពីសកម្មភាពសប្បុរសដែលសម្តេចតេជោ បានធ្វើកន្លងមក តាមរយៈការយល់ព្រមទទួលជនជាតិអាហ្វហ្កានីស្ថានភៀសខ្លួនពីសង្រ្គាម មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេស។ គ្មានប្រទេសណាមួយហ៊ានធ្វើទេ ព្រោះខ្លាចការសងសឹកពីក្រុមភេរវកម្ម ប៉ុន្តែកម្ពុជា ហ៊ានធ្វើ ក្រោមមូលហេតុថា កម្ពុជា ប្តេជ្ញាការពារឱ្យបាននូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិសំខាន់បំផុតរបស់មនុស្សជាតិ ហើយសម្តេចតេជោផ្ទាល់ ក៏ធ្លាប់ជាជនភៀសខ្លួនពីសង្រ្គាម និងការតាមសម្លាប់ពីរបបប៉ុលពត ទើបយល់ច្បាស់ពីអារម្មណ៍ត្រូវការគេជួយរបស់ជនភៀសខ្លួនទាំងនោះ។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា សម្តេចរីករាយក្នុងការបន្តគាំទ្រដំណើរការរបស់មូលនិធិអាស៊ីនៅកម្ពុជា និងសូមជូនពរលោកស្រីប្រធាន ទទួលបានជោគជ័យជាផ្លែផ្កាសម្រាប់ជំនួបជាមួយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅថ្ងៃស្អែក និងសម្រាប់បេសកកម្មការងាររបស់លោកស្រី នៅកម្ពុជាផងដែរ៕