សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអភិសេកព្រះបដិមាដែលបានវិលមកកាន់មាតុប្រទេសវិញ ព្រមទាំងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់ជាតិ និងប្រជាជនកម្ពុជា នៅសារមន្ទីរជាតិ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីអភិសេកព្រះបដិមាដែនេះក៏មានការចូលរួម ពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មកពីក្រសួង ស្ថាប័ន រដ្ឋនានាជាច្រើនរូបទៀតផងដែរ។
កាលពីថ្ងៃទី២២ សីហា កន្លងទៅ កម្ពុជាបានរៀបចំពិធីទទួលវត្ថុវបុរាណខ្មែរ ចំនួន ៧០ ដែលបានប្រគល់ត្រឡប់មកមាតុភូមិវិញ ក្រោយពីត្រូវបានបាត់បង់អស់រយៈពេលរាប់សិបឆ្នាំ។ វត្ថុបុរាណទាំងនោះ មានរូបបដិមាសំខាន់ៗមួយចំនួនផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ វត្ថុសិល្បៈខ្មែរ សរុបចំនួន ១០៩៨ វត្ថុ ក្នុងនោះ ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាល ឬ ស្ថាប័ននានា ។ ហើយការប្រគល់ត្រលប់នេះ គឺពីប្រទេសចំនួន១៥ ដូចជា សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី, អង់គ្លេស, ថៃ, ជប៉ុន, ឥណ្ឌូនេស៊ី, ហូឡង់, ស្វីស, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ហុងគ្រី, ណ័រវេស និងចិន ជាដើម។
អត្ថបទ៖ ពុទ្ធិកា