ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យឯកឧត្តម ស សុខា។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនគរបាល ចំនួន៤វគ្គ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាគ្រប់ថ្នាក់ បន្តបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខ និងបន្តទប់ស្កាត់ផែនការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលរបស់ក្រុមប្រឆាំងជ្រុលនិយម រួមទាំងការបង្កអសន្តិសុខដើម្បីជាឈ្នាន់ឡើងកាន់អំណាចតាមវិធីក្រៅច្បាប់។
គួរឲ្យដឹងថា បេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក ដូណាល់ត្រាំ នៅថ្ងៃទី១៦ ខែកញ្ញា ត្រូវបានរងការលួចធ្វើឃាតជាលើកទី២លើរូបលោក ខណៈរូបលោកកំពុងវាយកូនហ្គោលនៅតំបន់ West Palm Beach រដ្ឋ Florida ដែល ជនសង្ស័យប្រុងធ្វើសកម្មភាពនោះឋិតនៅមិនឆ្ងាយប៉ុន្មានពីលោក ត្រាំ។
កាលពី ២ខែមុន លោក ត្រាំត្រូវរងរបួសដាច់ស្លឹកត្រចៀក តែលើកទី២នេះ គ្មានរបួសអ្វីឡើយ ហើយជនសង្ស័យម្នាក់ ត្រូវនគរបាលអាមេរិកចាប់ខ្លួនបាន រួមនឹងវត្ថុតាងកាំភ្លើង ប្រភេទ«AK-47» ១ដើម៕
អត្ថបទ៖ អក្ខរា