សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រពៃណីយេីង ​យេីងរក្សា​ យេីងបានផ្សព្វផ្សាយកាន់តែល្បឺសុះសាយដល់ពិភពលោក​

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការថា៖ “ប្រពៃណីយេីង​យេីងរក្សា​យេីងបានផ្សព្វផ្សាយកាន់តែល្បឺសុះសាយដល់ពិភពលោក​ ពិសេសបងប្អូនជាភ្ញៀវទេសចរណ៍ជាច្រេីននៃកម្មវិធី​ Gumball 3000​ បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ​ និងទស្សនាសិល្ប:បូរាណខ្មែរ​ នៅពីមុខប្រាសាទបាយ័នរបស់ខ្មែរ។ សូមស្វាគមន៍មកកាន់កម្ពុជា​ និងរីករាយក្នុងការស្វាគមន៍អ្នកជានិច្ច”។

សូមជម្រាបថា នាល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប។

កម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ Gumball 3000 ទាំងអស់ដែលបានអញ្ជើញមកកម្ពុជា សម្រាប់ការបង្កើតប្រវត្តិសាស្ត្រថ្មីលើទឹកដីបេតិកភណ្ឌពិភពលោក។ ពិសេសជាងនេះ ព្រឹត្តិ​ការណ៍​នេះគ្រោងនឹងបំបែកឯកទគ្គកម្មពិភពលោក «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» ក្នុងតំបន់បេតិកភណ្ឌ ដែលក្លាយជាឱកាសប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជា។

ឆ្នាំ២០២៤នេះ ក៏ជាឆ្នាំទស្សនាសៀមរាប ដែលស្របពេលកម្ពុជាកំពុងពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ តាមរយៈការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាដើម។ គំនិតផ្តួចផ្តើមទាំងនេះ និងព្រឹត្តិការណ៍ Gumball 3000 បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនងទេសចរណ៍ និងវប្បធម៌ជាមួយដៃគូពិភពលោក និងការលើកកម្ពស់បទពិសោធន៍រួមគ្នា៕

អត្ថបទ៖ អក្ខរា