អគារមជ្ឈមណ្ឌលកណ្តាល,អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណតនៃមន្ទីរពេទ្យកាល់ម៉ែត បានបញ្ចុះបឋមសិលាសាងសង់ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
មជ្ឈមណ្ឌលកណ្តាលនេះមានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុងនេះ មានបណ្តោយ ១៤,៩ ម៉ែត្រ ទទឹង ១១,៧ ម៉ែត្រ និងកម្ពស់ ០២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ ម៉ែត្រការ៉េ។
អគារចំណត នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន មកទទួលសេវាពិគ្រោះ និងសេវាព្យាបាលនៅមន្ទីរពេទ្យ។ អគារចំណត មានបណ្តោយ ៧២ ម៉ែត្រ ទទឹង ២៩ម៉ែត្រ និងកម្ពស់ ១៣ជាន់ ស្មើនឹង ២៨,៥៦៨ ម៉ែត្រក្រឡា ដែលអាចផ្ទុកម៉ូតូ ចំនួន ៤៦៥គ្រឿង រថយន្តចំនួន ៥៤៦គ្រឿង រួមមានអាហារដ្ឋាន ផ្នែកបច្ចេកទេសអេឡិចត្រូនិច និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ឬហៅថា Simulation Center ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណតនៃមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អគារថ្មីនេះនឹងត្រូវបំពាក់ដោយសម្ភារ ឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប និង មានហេដ្ឋារចនាសម្ព័ន្ធសំណង់ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ហើយគ្រោងដាក់ឱ្យប្រើប្រាស់ ជាអគារពហុមុខងារពិសេស មុខងារមានឯកទេសខ្ពស់, ដូចជា ការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាលជំងឺមហារីក និង ជំងឺមិនឆ្លងរ៉ាំរ៉ៃដទៃទៀត សំដៅឆ្លើយតបនឹងការវិវត្តនៃតម្រូវការថែទាំសុខភាពរបស់ប្រជាជនកម្ពុជា ដែលទាមទារនូវសមត្ថភាពបច្ចេកទេសគ្លីនិកខ្ពស់។ សមិទ្ធផលជាតិថ្មីដ៏ទំនើបឈានមុខនេះ នឹងជួយជំរុញឱ្យកម្ពុជាអភិវឌ្ឍវិស័យសុខាភិបាលដល់កម្រិតស្តង់ដាតំបន់ និង អន្តរជាតិ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន ។ ក្នុងនោះផ្តោតជាចម្បងលើ៖ ទី១. ពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ទី២. អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំង លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និង ទី៣. កសាងភាពជាដៃគូរឹងមាំរវាងវិស័យ សុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។
អត្ថបទ៖ ពុទ្ធិកា