សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្ញើជូន លោកជំទាវ Paeto ngt arn Shinawatra នាយករដ្ឋមន្ត្រីថៃ ចំពោះសោកនាដកម្មបង្កឡើងដោយព្យុះទីហ្វុង Yagi ដែលបានបាត់បង់ជីវិតមនុស្ស របួស និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងជើង និងភាគឦសាននៃប្រទេសថៃ។
ក្នុងសារលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមចូលរួមរំលែកទុក្ខ និងអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនជាមិត្តរបស់ប្រទេសថៃ ជាពិសេសក្រុមគ្រួសារជនរងគ្រោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានទំនុកចិត្តថា ក្រោមការដឹកនាំដ៏មានលទ្ធភាពរបស់លោកជំទាវ Paetongtarn Shinawatra ប្រជាជនថៃដែលធន់ទ្រាំនឹងជំនះគ្រោះមហន្តរាយនេះបានយ៉ាងឆាប់រហ័ស។សម្តេចក៏ជូនពរឱ្យអ្នករបួស បានជាសះស្បើយ និងឆាប់រហ័សផងដែរ៕