ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកជាការ «ចាប់ដៃ ជាន់ជើង» ករណីការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ចំពោះលោកអ្នកឧកញ៉ា លី យ៉ុងផាត់

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបញ្ចេញទស្សនៈជុំវិញការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ចំពោះលោកអ្នកឧកញ៉ា លី យ៉ុងផាត់។

សារប៉ុន្មានឃ្លាជាមួយនឹងចំណងជើង «ចាប់ដៃ ជាន់ជើង» លើហ្វេសប៊ុកនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម បានលើកឡើងថា៖ “សូមជូនបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសពិចារណា
“ចាប់ដៃ ជាន់ជើង”! ជាឃ្លាដែលវប្បធម៌ខ្មែរ ឬសាសន៍ណាក៏ដោយ ពិបាកទទួល ក្នុងនាមជារដ្ឋអធិបតេយ្យមួយ និងមានលក្ខណៈអវិជ្ជមានជាខ្លាំង សម្រាប់ជាមូលដ្ឋានពង្រឹងទំនាក់ទំនងដោយស្មោះត្រង់ ជឿទុកចិត្ត និងស្មើភាពគ្នា! ពិតណាស់ ឃ្លានេះមានន័យគ្រប់គ្រាន់ បញ្ជាក់ពីចេតនា និងសកម្មភាព ដែលស្តែងឡើង ខុសពីអ្វីដែលអ្នកបាននិយាយ។ (នេះជាមតិឯកជន និងផ្ទាល់ខ្លួនរបស់ខ្ញុំ) “។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍បង្ហាញការសោកស្ដាយចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងក្រុមហ៊ុន L.Y.P. Group របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ព្រមទាំង អាជីវកម្មពាក់ព័ន្ធចំនួន ៤ទៀត។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មជាឯកតោ ភាគីនេះជាការមិនគោរពច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ជាពិសេស គោលការណ៍សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកគ្នាទៅវិញទៅមក៕

អត្ថបទ៖ អក្ខរា