ក្នុងបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កុំបន្ទន់ កុំទម្លាក់ស្ដង់ដាសុខាភិបាល ត្រូវដាក់វិន័យឱ្យតឹងរឹង ពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់។
បើតាមសម្ដេចធិបតីគ្រូពេទ្យធ្វើការងាររបស់ទេវតា ខណៈដែលពេទ្យបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ សម្ដេចធិបតីអំពាវនាវឱ្យមានការចូលរួមវាយតម្លៃ ពីក្រសួងសុខាភិបាល ជាពិសេសលើការបណ្ដុះបណ្ដាលលើការផ្ដល់សេវាសុខាភិបាល។
សម្ដេចធិបតីបញ្ជាក់ថា ជំហានទី១ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តការផ្ដល់សេវាសុខាភិបាលល្អទៅថ្នាក់ក្រោមជាតិ គឺតាមរយៈការពង្រាយមន្រ្ដី ដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលឱ្យ ដល់ប្រជាពលរដ្ឋឱ្យបាន២៤ម៉ោងលើ២៤ម៉ោង ជាពិសេសចំពោះការផ្ដល់សេវាសង្គ្រោះបឋមណាមួយដែលកើតមានឡើងនៅមូលដ្ឋាន៕