កម្ពុជាបង្ហាញការសោកស្តាយ ចំពោះការសម្រេចចិត្តដោយ​អយុ​ត្តិធ​ម៌​រ​បស់ក្រសួងរតនាគារសហរដ្ឋអាមេរិក លើលោកអ្នកឧកញ៉ា លី យ៉ុងផាត់

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុ​ត្តិធ​ម៌​រ​បស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សំដៅលើធុរជនកម្ពុជាលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន L.Y.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុក វិធានការដែលត្រូវបានធ្វើឡើងដោយផ្អែកលើរបាយ​ការ​ណ៍​ដែ​លមិនមានមូលដ្ឋានច្បាស់លាស់ ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញនេះ មានចេត​នាន​យោ​បាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយឯកឧត្តម ឡយ ជេ អូស្ទីន (Lloyd J. Austin III) រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា តួនាទីរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា អស់រយៈពេលជា ច្រើនទសវត្សរ៍កន្លងមក ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ តាមរយៈក្រុមហ៊ុន L.Y.P Group ការចូលរួមចំណែករបស់លោកអ្នកឧកញ៉ា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់ បន្ថយភាពក្រីក្រ បានផ្តល់ផលជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់។

ការពឹងផ្អែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅលើរបាយការណ៍ការជួញដូរមនុស្សយកធ្វើ ជាមូលដ្ឋាននៃសកម្មភាពទាំងនោះពិតជាគួរឱ្យសោកស្តាយ និងនាំឱ្យមានការយល់ខុស។ របាយការណ៍ នេះមិនបានផ្តល់នូវរូបភាពដែលមានតុល្យភាព និងសុក្រឹតអំពីការប្តេជាចិត្តដ៏មុតមាំរបស់កម្ពុជាលើ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ មនុស្ស និង ពលកម្មដោយបង្ខំ។

ក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មជាឯកតោ ភាគីនេះជាការមិនគោរពច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់​គ្រង​ទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ជាពិសេស គោលការណ៍សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកគ្នាទៅវិញទៅមក។

ដោយឡែក គណបក្សប្រជាជនកម្ពុជា ក៏សម្តែងនូវការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ក្រោយពីបានដឹងថា ក្រសួង​រតនាគា​រ​សហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មលើលោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈ​កម្មា​ធិការ​កណ្តាលគណបក្សប្រជាជនកម្ពុជា និងទ្រព្យសម្បត្តិជាគ្រឹះស្ថានអាជីវកម្ម ចំនួន ០៤ របស់លោកអ្នកឧកញ៉ា ផ្ទាល់។

គណបក្សប្រជាជនកម្ពុជា បានចាត់ទុក ការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងដោយអយុត្តិធម៌ពីបទជាប់ពាក់​ព័ន្ធនឹង​ពលកម្មដោយបង្ខំ និងបទល្មើសបច្ចេកវិទ្យា (Cyber Crime) ផ្សេងៗ នោះ គឺមានលក្ខណៈជានយោបាយ ដោយប៉ះ​ពាល់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។ ម្យ៉ាងទៀត ការដាក់ទណ្ឌកម្មលើ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ គឺជាការរំលោភបំពានលើអធិបតេយ្យរបស់ប្រទេស កម្ពុជា ដែលជាប្រទេសឯករាជ្យមួយ ដែលពុំស្ថិតនៅក្រោមច្បាប់របស់សហរដ្ឋអាមេរិកឡើយ។

ការដាក់ទណ្ឌកម្មនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងរំលោភលើបុគ្គលភាព ប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងលើកស្ទួយជីវ​ភាព​រស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។

គណប​ក្សប្រជាជនកម្ពុជា ច្រានចោលយ៉ាងដាច់ខាតនូវសេចក្តីសម្រេចរបស់ក្រសួងរតនាគារសហរដ្ឋ អាមេរិក ដែលទង្វើនេះបំពានដល់ការគោរពនូវគោលការណ៍នៃទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋដែលផ្អែកលើច្បាប់ អន្តរជាតិ ពិសេសការគោរពអធិបតេយ្យ ឯករាជ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។

គណបក្សប្រជាជនកម្ពុជា ស្នើដ៏ទទូចឱ្យក្រសួងរតនាគារសហរដ្ឋអាមេរិក ពិចារណាឡើងវិញលើករណី ដ៏អយុត្តិធម៌នេះ ហើយលុបចោលការដាក់ទណ្ឌកម្មលើ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងទ្រព្យសម្បត្តិធ្វើអាជីវកម្ម ទាំងអស់របស់លោកអ្នកឧកញ៉ា ៕

អត្ថបទ៖ ពុទ្ធិកា