ឯកឧត្តម ហ៊ុន ម៉ានី បញ្ចេញទស្សនៈបែបនេះ ក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាញ់ស្រីលង្កា និងរងការរិះគន់ពីអ្នកគាំទ្រ

“ខ្ញុំបានទស្សនាការប្រកួត​បាល់​ទាត់​វគ្គ​ជម្រុះ​ Asian Cup Qualifier ជុំ​ទី​២ រវាង​ក្រុម​ជម្រើស​ជាតិ​កម្អុជា​យើង និង​ក្រុមជម្រើស​ជាតិ​ស្រី​លង្កា ដែល​​បាន​ប្រព្រឹត្តទៅ​នៅ​ទឹកដី​កម្ពុជា​។​ ជា​លទ្ធ​ផល​ យើង​បាន​ទប់​ទល់​រហូត​ដល់​ស្មើ​នៅពេញម៉ោង តែ​យើង​មិន​អាច​យក​ឈ្នះ​ក្រុម​ស្រីលង្កា​បាន​នៅ​ការ​សម្រេច​ដោយ​គ្រាប់​បាល់​ប៉េណាល់​ទី​។​ ក្នុង​នាម​ជាគាំទ្រ​ ខ្ញុំសូម​កោត​សរសើរដល់​កីឡាករ​ជម្រើសជាតិ​យើង​ទាំងអស់​គ្នា​ដែល​បាន​ខិតខំ​យ៉ាង​ស្វិត​ស្វាញ​ដើម្បី​ប្រកួត​តំណាង​ឱ្យ​ជាតិ​។ វិស័យ​បាល់​ទាត់​របស់​យើង​មាន​ការ​បោះ​ជំហាន​ទៅមុខ​គួរ​ជាទី​មោទនៈ បើ​ទោះ​ជា​យើង​មិន​ទាន់​ឈរលំដាប់​កំពូល​ក្នុង​តំបន់​ក្តី​ តែយើងគួរ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ក្រុមជម្រើស​ជាតិ​បាន​វិវឌ្ឍខ្លួន​ក្នុង​រយៈ​ពេល​ចុងក្រោយ​ថ្មីៗនេះ។ យើងជឿជាក់​ ហើយ​​បន្តគាំទ្រ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​! យើង​គាំទ្រ​កីឡាកម្ពុជា!” នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី លើគណនីហ្វេសប៊ុកនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៧ ក្នុងការប្រកួតនៅយប់ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយចាញ់ក្រុមជម្រើសជាតិស្រីលង្កា ដោយទាត់បាល់១១ម៉ែត្រកាត់សេចក្តីរកអ្នកឈ្នះ។ លទ្ធផលនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនសម្តែងការខកចិត្ត និងសោកស្តាយខ្លាំងបំផុត ព្រោះកម្ពុជាបានឈ្នះការប្រកួតទាំងស្រុងទៅហើយបែរជាភ្លាត់ឱ្យគេតាមស្មើនៅ១នាទីចុងក្រោយ ឈានទៅដល់ការទាត់បាល់ ១១ម៉ែត្ររហូតដល់ចាញ់ការប្រកួតទៅវិញ៕

អត្ថបទ៖ អក្ខរា