ពលរដ្ឋចំអកឲ្យទណ្ឌិត សម រង្ស៊ី ថាបើចង់ដកត្រកូល​«ហ៊ុន»ទាល់តែកុំឲ្យប្រជាជនប្រមាណ១៧លាននាក់នៅកម្ពុជាទៅបោះឆ្នោត

ប្រជាពលរដ្ឋបានចំអកទៅកាន់ទណ្ឌិត សម រង្ស៊ី ថាបើចង់ដកត្រកូល«ហ៊ុន»ឈប់ឲ្យដឹកនាំប្រទេសទាល់តែកុំឲ្យប្រជាជនប្រមាណ១៧លាននាក់នៅកម្ពុជាទៅបោះឆ្នោត។ ការចំអកបែបនេះបានធ្វើឡើងក្រោយពីទណ្ឌិត សម រង្ស៊ី បានបង្ហោះនៅក្នុងគណនីហ្វេកបុករបស់ខ្លួនថា « បើចង់ដកកម្ពុជាចេញពីCLV ប្រជាពលរដ្ឋខ្មែរ នឹងដកត្រកូល “ហ៊ុន”ចេញ»។

ប្រជាពលរដ្ឋ បានលើកឡើងថា ពាក្យ«ដកចេញៗ» គឺតែងតែលឺជាយូរមកហើយ តែពុំដែលធ្វើអ្វីបាននោះទេ គឺចេញតែខ្លួនឯង តាំងពីរស់នៅស្រុកខ្មែររហូតដល់បារាំង និងតាំងពីជាមនុស្សធម្មតា រហូតមានឈ្មោះជាជនក្បត់ជាតិ៣ជំនាន់។

ប្រជាពលរដ្ឋខ្លះភាគច្រើនដែលជាយុវជន បានបញ្ជាក់ថា ទោះមិនកើតទាន់ក្នុងសម័យខ្មែរក្រហម ប៉ុន្តែតាមការស្តាប់និងដឹងពីយាយតា គឺសម័យនោះប្រជាពលរដ្ឋលំបាក គ្មានអាហារហូបចុកគ្រប់គ្រាន់ រស់នៅវេទនា។ ដោយឡែក បច្ចុប្បន្នប្រទេសកម្ពុជា មានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅមានសិទ្ធិសេរីភាព ហើយសន្តិភាពនេះ គឺសម្តេច​តេជោ ហ៊ុន សែន ខិតខំរកមកដោយលំបាក។ ដូចនេះ លោ សម រង្ស៊ី ឈប់ញុះញង់ បំពុលសង្គម កុំបានតែស្រែកនៅក្រៅស្រុកអត់ប្រយោជន៍ ដែលគ្មានបានអ្វីមកវិញក្រៅពីបំផ្លាញជាតិ។ ហើយសង្ឃឹមថា លោក សម រង្ស៊ី ឈប់ញុះញង់ឲ្យខ្មែររើសអើងខ្មែរ ឈប់ញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរមានការយល់ខុសចំពោះសម្តេចតេជោ ឬក៏រាជរដ្ឋា​ភិបាលកម្ពុជា។

ជាមួយនឹងការលើកឡើងរបស់ប្រជាពលរដ្ឋនេះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងដែរថា ការនិយាយពីការដក ហ៊ុន សែន គឺសម្តេចបាន ឮនិយាយភាសាបែបនេះរាប់សិបឆ្នាំមកហើយ ប៉ុន្តែសម្តេចនៅតែបន្តការដឹកនាំប្រទេសដដែលទោះសម្តេចមិនធ្វើនាយករដ្ឋមន្ត្រីទៀតក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា «មើលដករបៀបណា? ដោយប្រដាប់អាវុធ?បដិវត្តន៍ពណ៌? រដ្ឋប្រហារ?បោះឆ្នោត? ខ្ញុំកំដរលេងបានគ្រប់ទម្រង់។»

អត្ថបទ៖ ពុទ្ធិកា