សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បន្តការអនុញ្ញាតឱ្យលោក Jung Jun-Ho ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួបសម្ដែងការគួរសម នៅទីក្រុងអ៊ីនឈាន់ ប្រទេសកូរ៉េ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងជំនួបនោះប្រធានក្រុមហ៊ុនបង្ហាញអារម្មណ៍ថា លោកមានកិត្តិយសខ្លាំងណាស់ ដែលបានជួបសម្ដេចតេជោផ្ទាល់ដោយសារសម្ដេច គឺជាឥស្សរជនកម្ពុជាដែលល្បីនៅកូរ៉េ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ។
លោកថា ក្រុមហ៊ុនរបស់លោកមិនទាន់បានបង្កើតក្រុមហ៊ុននៅកម្ពុជានៅឡើយទេ ហើយតាមរយៈជំនួបនៅថ្ងៃនេះ ក្រុមហ៊ុនរបស់លោកចាប់អារម្មណ៍នឹងវិនិយោគនៅកម្ពុជា ហើយធ្វើការទៅលើវិស័យជាច្រើន។ លោកបានរំលឹកថា នៅពេលទស្សនកិច្ចរបស់សម្ដេចធិបតីនៅកូរ៉េ លោកបានរៀបចំជំនួបជាច្រើនរវាងសម្ដេចធិបតី ជាមួយនឹងក្រុមហ៊ុនកូរ៉េ និងបានពិភាក្សាទៅលើវិស័យផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំងអាកាសយានដ្ឋានថ្មីនៅកម្ពុជាផងដែរ។
លោក Jung Jun-Ho លើកឡើងថា ក្រុមហ៊ុន SK Securities គឺជាក្រុមហ៊ុនមូលបត្រដែលទទួលស្គាល់ពីអង្គការសហប្រជាជាតិ ដែលទទួលបានអាជ្ញាប័ណ្ណហិរញ្ញវត្ថុដែលផ្ដោតទៅលើបរិស្ថាន។ ក្រុមហ៊ុន SK Securities កំពុងតែអនុវត្តគម្រោងមួយ គឺការអភិរក្សនៅព្រៃកោងកាង ក្នុងខេត្តកំពត ទំហំ៥០ហិកតា នៅក្នុងក្របខ័ណ្ឌនៃការពង្រឹងបរិស្ថាន។
លោកបន្តថា ក្រុមហ៊ុនកូរ៉េភាគច្រើនបានចាប់អារម្មណ៍ទៅលើប្រទេសជិតខាងកម្ពុជា នៅក្នុងតំបន់អាស៊ាន ក៏ប៉ុន្តែ ក្រុមហ៊ុនរបស់លោក គឺចាប់អារម្មណ៍ទៅលើប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជា មានទីតាំងល្អ និងមានធនធានមនុស្ស។ ក្នុងទិសដៅនេះ លោកប្រធានក្រុមហ៊ុន SK Securities ក៏បានគោរពសុំការគាំទ្រពីសម្ដេចតេជោ ដល់ក្រុមហ៊ុនរបស់លោកដែលនឹងអាចឈានទៅដល់ការវិនិយោគនៅកម្ពុជា។
ជាកិច្ចឆ្លើយតប សម្ដេចតេជោហ៊ុនសែន បានបញ្ជាក់ថា កម្ពុជាត្រូវការវិនិយោគបន្ថែមពីសំណាក់ក្រុមហ៊ុនកូរ៉េ។ ដោយក្រុមហ៊ុនកូរ៉េភាគច្រើនបានវិនិយោគនៅបណ្ដាប្រទេសជិតខាងកម្ពុជានៅក្នុងអាស៊ាន នៅកម្ពុជាការវិនិយោគនៅមានកម្រិតនៅឡើយ។ ដើម្បីវិនិយោគបានចំគោលដៅ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា ឱ្យសិក្សាលម្អិតថាតើចាប់យកចំណុចអ្វីដែលជាគោលដៅនៃការវិនិយោគ។
សម្ដេចបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងអាកាសយានដ្ឋានថ្មី គឺមិនមានការចាំបាច់ក្នុងការធ្វើការសិក្សាទេ ពីព្រោះ កម្ពុជា ទើបតែបានដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប និងត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីនៅខេត្តកណ្ដាល ហើយក៏មានអាកាសយានដ្ឋាននៅតំបន់មាត់សមុទ្រផងដែរ។
សម្តេចតេជោបន្ថែមថា កម្ពុជាត្រូវការវិនិយោគលើឧស្សាហកម្មកែច្នៃ ពីព្រោះកម្ពុជា មានវត្ថុធាតុដើមច្រើន ដែលសមត្ថភាពនៃការកែច្នៃនៅមានកម្រិត។ ដោយទីផ្សារកូរ៉េ ត្រូវការនាំចូលផលិតផលជាស្បៀង, សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យសិក្សាអំពីការកែច្នៃលើផលិតផលស្បៀង។ នៅក្នុងផ្នែកឧស្សាហកម្ម កម្ពុជាត្រូវការបច្ចេកវិទ្យាពីកូរ៉េ, ដូច្នេះ កម្ពុជាចង់ទទួលបាននៅបច្ចេកវិទ្យាពីកូរ៉េ។ នៅក្នុងវិស័យមូលបត្រ កម្ពុជាក៏ត្រូវការជំរុញវិស័យនេះផងដែរ ដោយសារសព្វថ្ងៃនេះ មិនទាន់ឃើញមានការរីកចម្រើនខ្លាំងក្លានោះទេ។
សម្ដេចតេជោបានគូបញ្ជាក់ថា ការលើកឡើងរបស់សម្ដេច អាចមិនសមស្របជាមួយនឹងគោលដៅរបស់ក្រុមហ៊ុន ក៏ប៉ុន្តែ សុំធ្វើការសិក្សាឱ្យបានលម្អិត។ ប្រទេសកម្ពុជា មានភាពងាយស្រួលច្រើន ដូចជាការបង្កើតក្រុមហ៊ុន មិនតម្រូវឱ្យមានក្រុមហ៊ុនដៃគូក្នុងស្រុក និង ជាក្រុមហ៊ុនបរទេស ១00%។ ម្យ៉ាងទៀតកម្ពុជា អនុញ្ញាតឱ្យវិនិយោគិនប្រើប្រាស់រូបិយប័ណ្ណបរទេស ដោយមិនចាំបាច់មានការប្ដូរ ទៅជារូបិយប័ណ្ណក្នុងស្រុកឡើយ។
សម្ដេចតេជោបានបន្ថែមពីការការវិនិយោគក្នុងរូបមន្ត ១+ និងគូសបញ្ជាក់ថា ក្រុមហ៊ុនដែលវិនិយោគ នៅក្នុងប្រទេសអាស៊ាន គួរវិនិយោគផងដែរនៅក្នុងប្រទេសកម្ពុជា ព្រោះថានៅពេលប្រទេសមួយមានបញ្ហា ក្នុងផលិតកម្ម គឺរូបមន្ត ១+ នេះ អាចធានាច្រវាក់ផលិតកម្មបាន។
សម្ដេចតេជោ ក៏បានលើកឡើងពីបទពិសោធរបស់ក្រុមហ៊ុនជប៉ុន Minebea ដែលបានវិនិយោគនៅប្រទេសជិតខាងកម្ពុជា ហើយក៏បានវិនិយោគនៅប្រទេសកម្ពុជាផងដែរ នៅពេលដែលប្រទេសជិតខាងកម្ពុជាជួបប្រទះនូវបញ្ហាទឹកជំនន់ រំខានដល់ខ្សែច្រវាក់ផលិតកម្ម រោងចក្រនៅកម្ពុជាអាចជំនួសបាន៕