ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករខ្មែរ គួរពិចារណាងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកវិញទើបប្រសើរជាង បានទាំងតម្លៃល្អ ហើយប្រសិនបើមានបញ្ហារឿងថ្លៃ ក្រសួងមានយន្តការអាចជួយអន្តរាគមន៍ភ្លាមៗបាន។
ឯកឧត្តម ឃឹម ហ្វីណង់ បន្តថា ខុសពីការប្រើប្រាស់ពូជរបស់ប្រទេសគេតែគេមិនទិញឬគេបង្អាប់ទិញក្នុងតម្លៃថោក គ្មានអ្វីក្រៅពីទ្រាំទទួលយកនោះទេ។
ការជំរុញលើកទឹកចិត្តដូចនេះ ត្រូវបានឯកឧត្តម សំអាងថា ជាធម្មតា ថ្លៃស្រូវOM ដែលជាប្រភេទពូជស្រូវរបស់ប្រទេសវៀតណាម តែងតែស្ថិតនៅក្នុងចន្លោះ៨០០៛-១០០០៛ ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ ចំណែកឯថ្លៃខ្ពស់កាលពីឆ្នាំ២០២៣គឺជាករណីពិសេសតែប៉ុណ្ណោះ។
ឯកឧត្តម សង្កត់ធ្ងន់ថា អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ សង្កេតឃើញថាថ្លៃស្រូវសែនក្រអូប ដែលជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា នៅបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះ កំពុងមានតម្លៃល្អខ្លាំងបើធៀបនឹងស្រូវOM គឺ ១៤០០៛ ក្នុងមួយគីឡូស្រូវសើម។
គួរបញ្ជាក់ថា ពូជស្រូវសែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០១៩។ នៅចុងឆ្នាំ២០២៣ ពូជស្រូវសែនក្រអូប០១ បានទទួលពានរង្វាន់មាសពីប្រទេសចិន ដោយសារលក្ខណៈពិសេស ដូចជា ក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំ ពូជស្រូវសែនក្រអូប០១ ដោយសារពូជនេះ ផ្ដល់ទិន្នផលខ្ពស់ និងជាពិសេស វាមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។
ចំណែកឯ ពូជស្រូវផ្ការំដួល ជាពូជស្រូវក្រអូបដែលត្រូវបានធ្វើការបញ្ចេញ និងផ្សព្វផ្សាយជូនប្រជាកសិករប្រើប្រាស់ដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ១៩៩៩។ បន្ទាប់ពីបានសិក្សា និងពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំ ក្រោមកិច្ចគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ជាពិសេសរដ្ឋាភិបាលអូស្ត្រាលី រហូតទទួលបានមោទនភាពលើឆាកអន្តរជាតិ ក្នុងនាមជាអង្ករកម្ពុជាដែលល្អដាច់គេបំផុត ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំនៅខេត្តភូកេត ប្រទេសថៃ៕