សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល គ្រោងនឹងពង្រាយមន្ត្រីកសិកម្មឃុំចំនួន១០០០នាក់បន្ថែមទៀត ដើម្បីពន្លឿនការជួយកសិករនៅតាមឃុំ ព្រោះកសិករត្រូវការជំនួយបច្ចេកទេស។
នៅក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ នៅរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ការបញ្ជូនមន្ត្រីកសិកម្មទៅកាន់មូលដ្ឋានឃុំនេះ គឺដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត ផលិតទិន្នផលឱ្យច្រើនជាងមុន ព្រោះដីអត់រីកទេ តែដែលសំខាន់គឺធ្វើឱ្យចំណូលប្រជាពលរដ្ឋ កាត់បន្ថតម្លៃដើម ហើយជួយរក្សានូវចំណូលរបស់ប្រជាកសិករឱ្យបានច្រើន»។
សម្ដេចធិបតី បានបញ្ជាក់បន្តថា រាជរដ្ឋាភិបាលតែងតែផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យកសិកម្ម ជាក់ស្ដែង រាជរដ្ឋាភិបាល បានដាក់ចេញកម្មវិធីគោលនយោបាយលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន និងកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ហើយកម្មវិធីទាំងនេះ កំពុងអនុវត្តយ៉ាងសកម្ម ដើម្បីឆ្លើយតបបន្ទាន់ទៅ តម្រូវការនឹងបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា មកទល់ពេលនេះ មន្ត្រីបច្ចេកទេសកសិកម្មចំនួន ២៥០នាក់ បានប្រឡងជ្រើសរើសនិងបានដាក់ពង្រាយនៅតាមឃុំគោលដៅចំនួន ២៥០ ឃុំ នៅក្នុងស្រុកចំនួន ៨៩ ក្នុងខេត្តចំនួន ១៧ រួចហើយ ។ មន្ត្រីកសិកម្មឃុំ មានតួនាទីក្នុងការជួយគាំទ្រ លើការងារបច្ចេកទេស ការផ្តល់ព័ត៌មាន ការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហា ពាក់ព័ន្ធការងារកសិកម្ម ការណែនាំពីរបៀបប្រើប្រាស់ទឹក ដើម្បីឲ្យសមស្របនឹងប្រភេទដំណាំ ដែលកសិករបានដាំដុះ៕
អត្ថបទ៖ ពុទ្ធិកា