សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ។
សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលបានផ្តល់ភាពអនុគ្រោះ និងសម្រួលដល់ពលករកម្ពុជា សម្រួលលក្ខខណ្ឌការងារ ដែលធ្វើឲ្យគេស្នាក់នៅបំពេញការងារ ហើយពេលត្រឡប់ទៅកម្ពុជាវិញ បាននាំយកទៅជាមួយនូវបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ប្រទេសទាំងពីរសាធាណរដ្ឋកូរ៉េ និងកម្ពុជា ជាប្រទេសដន្លងនឹងគ្នាដោយប្រជាជនកម្ពុជា ជាពិសេស គឺស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េច្រើនប្រមាណជា៨,០០០នាក់ ជីវិតកូនចៅរហូតដល់ទៅប្រមាណជា៧៥,០០០នាក់។ សម្ដេចសំណូមពរឲ្យរដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋទាំងអស់នោះ បានរៀនភាសាខ្មែរ និងភាសាកូរ៉េផងដែរ ដើម្បីមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជារួមចំណែកក្នុងការជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកថា សម្តេច និងឯកឧត្តម មូន ជេអ៊ីន បានពិភាក្សាគ្នា និងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយពេលនេះរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា និងរដ្ឋាភិបាលកូរ៉េ បានចុះកិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ តាមរយៈកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺអាចនឹងចេញជារូបរាង ដែលបង្កលក្ខណៈឲ្យអ្នកវិនិយោគកូរ៉េ ទៅមកវិនិយោគនៅកម្ពុជា មានការកើនឡើងសម្រាប់ធ្វើការកែច្នៃ និងនាំចេញមកកូរ៉េវិញ។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានជម្រាបផងដែរថា រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងខិតខំការពារអ្នកវិនិយោគទុនកូរ៉េ និងខិតខំប្រឹងប្រែងដើម្បីការពារធានានូវសុខសន្តិភាពជារួមសម្រាប់អ្នកវិនិយោគពីបរទេសទាំងអស់។
សម្ដេចក៏បានថ្លែងនូវការអបអរសាទរ និងទន្ទឹងរង់ចាំការស្ថាបនាស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលនឹងឆ្លងទន្លេសាប និងទន្លេមេគង្គ ដែលអាចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ។ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណសាធារណរដ្ឋកូរ៉េ ដែលកំពុងបន្តជួយផ្លូវជាតិលេខ៤៨, លេខ២ និងលេខ២១។
ឯកឧត្តម អ៊ូ វ៉ន់ស៊ីក បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដោយឯកឧត្តមបានដឹងថា សម្ដេចតេជោ បានចូលរួមចំណែកយ៉ាងច្រើន នៅក្នុងការកសាងទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដោយបានស្ដារនូវទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩៧។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជានឹងកាន់តែរីកចម្រើនច្រើនថែមទៀតនៅពេលអនាគត។
ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានជម្រាបសម្ដេចផងដែរថា កម្ពុជាបានបង្កើតឡើងហើយក្រុមមិត្តភាពព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ជាមួយសភានៃសាធាណរដ្ឋកូរ៉េ ហើយឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ការបង្កើតក្រុមមិត្តភាពនេះឡើង ខណៈកូរ៉េ សន្យាថានឹងបង្កើតឡើងនៅពេលឆាប់ៗខាងមុខនេះ ។ ជាមួយគ្នានេះ ឯកឧត្តមបានសម្ដែងការពេញចិត្ត និងរីករាយចំពោះការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាង សាធារណរដ្ឋកូរ៉េ និងកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមកនេះ បានបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង២០០ បានទៅចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាកន្លងមក។
ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ ក៏បានស្នើសុំសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងសម្រួលដល់ការវិនិយោគរបស់ប្រទេសកូរ៉េផងដែរ ដើម្បីអាចមានលទ្ធភាព និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បង្កើនការវិនិយោគនៅកម្ពុជាថែមទៀត។ ការឯកភាពគ្នាបង្កើត តំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុនកូរ៉េ ដែលបានព្រមព្រៀង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងមកនេះ ខាងភាគីកូរ៉េនឹងរៀបចំបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យចេញជារូបរាង។
ឯកឧត្តមបញ្ជាក់ថា ឯកឧត្តមបានខិតខំសម្រួលយ៉ាងណា លើកលែងសេវាទេសចរណ៍ជាក្រុម សម្រាប់ប្រជាជនកម្ពុជា មកកាន់ប្រទេសកូរ៉េផងដែរ ហើយសង្ឃឹមថា ទំហំទេសចរទៅវិញទៅមកនឹងមានការកើនឡើង។ បន្ថែមពីនេះ ឯកឧត្តមបានជម្រាបសម្តេចតេជោប្រធានព្រឹទ្ធសភាដែរថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានខិតខំសម្រួល និងការពារពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅសាធាណរដ្ឋកូរ៉េប្រមាណជា៦ម៉ឺននាក់ ដោយកែសម្រួលលម្អលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងការពារពលករទាំងនោះឱ្យបានត្រឹមត្រូវ៕