តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី ដុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ដល់១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងដំណើរបេសកកម្មទៅកាន់ប្រទេសចិននេះ នឹងមានការចូលរួមអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក ,ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ ភិរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ព្រមទាំងនាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។
នៅក្នុងឱកាសនៃការចូលរួមវេទិកាប៉េកាំងសៀងសាន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹង ឡើងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ស្តីពី «ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ»។
ទន្ទឹមគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាំង យូសៀរ អនុប្រធានទី១ គណៈកម្មការយោធាមជ្ឈិមចិន ដើម្បីជំរុញចំណងទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាមួយគ្នានោះ ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋមន្ត្រីការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងមានជំនួបទ្វេភាគី ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខជាមួយគ្នាផងដែរ ៕