ដីចំណីផ្លូវ គឺជាដីសម្រាប់ប្រើប្រាស់និងអភិវឌ្ឃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ដីចំណីសម្រាប់ ផ្លូវជាតិ ដែលមានលេខ០១ ខ្ទង់ មានទទឹង៣០ចេញពីអ័ក្ស។ ដីចំណីសម្រាប់ផ្លូវជាតិដែលមានលេខពីរខ្ទង់មានចំងាយ២៥ម៉ែត្រចេញពីអ័ក្ស។
យ៉ាងណា ក្រសួងសាធារណការ និងដឹកជញ្ចូនបារម្ភពីការកើនឡើងនៃការរំលោភបំពានយកដីចំណីផ្លូវ ការចាក់ដីខ្ពស់ជាងផ្លូវថ្នល់ និងការចាក់ដីលុបចង្អូរបង្ហូរទឹកនៅតាមដងផ្លូវបណ្តាលឱ្យលិចផ្លូវបង្កឱ្យមានការខូចខាតដល់ផ្លូវថ្នល់យ៉ាងឆាប់រហ័ស។
ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូន បានសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ដើម្បីកំណត់យន្តការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ការកំណត់ដីចំណីផ្លូវតាមប្រភេទនៃបណ្តាញផ្លូវថ្នល់ វិធានការទប់ស្កាត់ ការពារ និងលុបបំបាត់បាតុភាពទន្ទ្រានកាន់កាប់យកដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ ក៏ដូចជារក្សាសណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ការថែទាំផ្លូវឱ្យមានអាយុកាលប្រើប្រាស់សមស្របទៅតាមកម្រិតស្តង់ដារបច្ចេកទេសកំណត់។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យនេះ ដោយមានការចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ ក្រុមការងារជំនាញបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ក្នុងគោលបំណង ពិនិត្យពិភាក្សា ផ្លាស់ប្ដូរយោបល់ និងកែសម្រួលនូវការប្រើប្រាស់ពាក្យពេចន៍ ឃ្លាប្រយោគ និងខ្លឹមសារ សំដៅធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យនេះ មានខ្លឹមសារគ្រប់ជ្រុងជ្រោយ មានសង្គតិភាព។
សេចក្ដីព្រាងអនុក្រឹត្យនេះ ត្រូវបានក្រុមការងារពិនិត្យ និងពិភាក្សាកម្រិតបច្ចេកទេសរួចរាល់ បន្ទាប់មកនឹងត្រូវប្រជុំពិនិត្យ ពិភាក្សានិងសម្រេចចុងក្រោយ ក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្ត្រី មុននឹងបន្តនីតិវិធីតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីធានាថា នៅពេលដែលអនុក្រឹត្យនេះចេញទៅនឹងមានការឯកភាពគ្នាពីក្រសួង សា្ថប័នពាក់ព័ន្ធ ព្រមទាំងអាចយកទៅអនុវត្តបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕