នៅរាត្រីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីជប់លៀងថ្នាក់ខ្ពស់ ដែលរៀបចំដោយវេទិកាចំណេះដឹងពិភពលោក (WKF)។
ពិធីដ៏មានអត្ថន័យនេះ មានការចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។
ថ្នាក់ដឹកនាំ នៃវេទិកាចំណេះដឹងពិភពលោក រួមមាននាយកប្រតិបត្តិក្រុមហ៊ុន Maekyung និងអភិបាលក្រុងអ៉ីនឆន់ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបណ្តាថ្នាក់ដឹកនាំ នៃមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញពិភពលោក បានចំណាយពេលវេលាអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោក (World Knowledge Forum) លើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Jounney Towards Coexistence)» ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងបំពេញការងារនៅប្រទេសកូរ៉េខាងត្បូង។ សម្តេចតេជោ អញ្ជើញទៅកាន់ប្រទេសកូរ៉េខាងត្បូងនាពេលនេះ ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥។
ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥នេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និងវិបុលភាពក្នុងអាស៊ាន»។
វេទិកានេះនឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នកសិក្សាអប់រំ សាជីវកម្ម និងវិស័យផ្សេងៗជុំវិញពិភពលោក ក្នុងគោលបំណងចែករំលែកចំណេះដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកលប្រកបដោយតុល្យភាព៕