ក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ បានសម្ដែងនូវមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា។
ឯកឧត្តម Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់កិច្ចសហការ ថ្មីៗបន្ថែមទៀត។
សម្ដេចធិបតី បានសម្តែងភាពរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា-ហ្វីលីពីន និងបានថ្លែងអំណរគុណហ្វីលីពីនដែលបានផ្ដល់ការគាំទ្រដល់កងទ័ពកម្ពុជា នាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា។
សម្តេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគំរាមកំហែងមិនប្រពៃណីផងដែរ៕