តាមរយៈ“ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” លើកទី២៤ ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីគោលបំណងរបស់កម្ពុជា ដែលកំពុងស្វែងរកមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដូចជា បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងសុន្ទរកថាគន្លឹះក្នុងពិធិបើក «ពិព័រណ៍អន្តរជាតិចិនលើកទី២៤ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចថា ព្រឹត្តិការណ៍ព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនេះ មិនត្រឹមតែបង្ហាញអំពីសារៈសំខាន់នៃកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក តាមរយៈការលើកកម្ពស់ឱកាសវិនិយោគ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញកំណើនប្រកបដោយចីរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា កិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនដែលជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជឿជាក់ថា តាមរយៈការវិនិយោគ កម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេស ទ្រទ្រង់លើភាពរីកចម្រើននៃធុរកិច្ចឧស្សាហកម្មដើម្បីកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការនាំមកនូវបច្ចេកវិទ្យាថ្មីៗដែលនឹងជួយសម្រួលដល់ការរស់នៅផងដែរ។
ជាងនេះទៅទៀត តាមរយៈពាណិជ្ជកម្ម កម្ពុជាអាចចូលរួមផ្លាស់ប្ដូរកម្លាំងពលកម្ម ដែលអាចបង្កើតការងារ ការផ្លាស់ប្តូរជំនាញ ព្រមទាំងបង្កើនចំណងនៃការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិនានានៅលើសកលលោក។
គួរបញ្ជាក់ថា ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” លើកទី២៤ បានប្រារព្ធពិធីបើកក្រោមអធិបតីភាពលោក He Lifeng ឧបនាយករដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំធំៗរបស់សាធារណរដ្ឋប្រជាមានិតចិន ឥស្សរជនជាន់ខ្ពស់នៃអេមីរ៉ាតអារ៉ាប់រួម ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហគ្រាស និងតំណាងធុរកិច្ច មកពីប្រមាណ ៣០ប្រទស ជុំវិញពិភពលោក៕
អត្ថបទ៖ ពុទ្ធិកា