ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅនេះ បានអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្វាយរៀង និងពិធីប្រកាសតែងតាំងប្រធានគណៈចលនាមហាជនខេត្ត។
ពិធីនេះ មានការចូលរួមពី ឯកឧត្តម អគ្គលេខាធិការរង គណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈចលនាមហាជនខេត្ត និងសមាជិក សមាជិកា គណៈចលនាមហាជន គណៈចលនាទាំង៤ និងក្រុមព័ត៌មាន និងសតិអារម្មណ៍មហាជនទូទាំងខេត្ត សរុបប្រមាណ ៣៣០នាក់។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពសភាពការណ៍នយោបាយ និងចែករំលែកព័ត៌មានសំខាន់ៗ ដល់មន្រ្តីគណបក្សដែលជាសេនាធិការរបស់គណៈកម្មាធិការបក្សខេត្តលើការងារសតិអារម្មណ៍ចលនាមហាជនក្នុងមូលដ្ឋាន។
ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់គណៈកម្មាធិការបក្ស និងគណៈចលនាមហាជនខេត្តដែលបានខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្តបំពេញភារកិច្ចការងារជូនគណបក្ស ដែលបាននាំមកនូវជ័យជំនះជូនគណបក្សនៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយធ្វើការសរុបខ្លឹមសារសំខាន់ៗដែលមានភាពច្បាស់លាស់សម្រាប់មន្រ្តីគណបក្សសិក្សាស្វែងយល់។ នាឱកាសនោះដែរ ឯកឧត្តមក៏បានធ្វើការណែនាំការងារចាំបាច់មួយចំនួនដល់សមាជិក សមាជិកាអង្គប្រជុំដើម្បីជាមូលដ្ឋានក្នុងការពង្រឹងសតិអារម្មណ៍មហាជន។
សូមបញ្ជាក់ថា នេះជាលើកទី៤ហើយដែលគណៈប្រតិភូអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលបានអញ្ជើញជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធរបស់ខ្លួននៅក្នុងខេត្តស្វាយរៀង និងនៅទូទាំងប្រទស៕