ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់បម្រើអោយដំណើរការគម្រោងសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានរៀបចំរួចរាល់ ក្រោយពេលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្ពោធបើកការដ្ឋានជាឱឡារិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
មកទល់ពេលនេះ គម្រោងបានដំណើរលើនីតីវិធី និងអនុវត្តតាមផែនការដែលបានគ្រោងទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព ជាពិសេសធានាបានការអនុលោមភាពស្តង់ដារបច្ចេកទេសនៃការសាងសង់ផ្លូវ ស្ពាន រឹងមាំ ជាប់ធន់ យូរអង្វែង។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម បានលើកឡើងថា ជាសក្ខីភាពនៃវឌ្ឍនភាពគម្រោង ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់អោយឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង ,គណៈប្រតិភូអមដំណើរ, អាជ្ញាធរខេត្តកណ្តាល ព្រៃវែង ស្វាយរៀង និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន-CRBC ចុះពិនិត្យតម្រាយផ្លូវ, ទីតាំងការដ្ឋាន,កន្លែងស្នាក់នៅ,ការិយាល័យបំពេញការងារប្រចាំថ្ងៃ ,កន្លែងផលិតគ្រឿងសំណង់ និងគ្រឿងបង្គុំ ,បន្ទប់ពិសោធន៍សំណង់ ជាពិសេសចុះពិនិត្យទីចុងបញ្ចប់ នៃខ្សែផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រង់ចំណុចបង្គោលព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយតួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ៕