សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រ នៃកម្ពុជា ចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤។ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និងនវានុវត្តន៍» ដែលបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃអក្ខរកម្ម ក្នុងការផ្តល់ភាពអង់អាចដល់ប្រជា ពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារនិងយុវជនធ្វើពលកម្មនៅក្រៅសាលារៀន កម្មករ កម្មការិនីរោងចក កុមារនិងយុវជនជនជាតិដើមភាគតិច ដើម្បីទទួលបានចំណេះដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំ ឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើកកម្ពស់ជីវភាព និងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គម ឱ្យកាន់តែសកម្មនិងមាននិរន្តរភាព។
កម្ពុជា បន្តប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ក្នុងគោលបំណងបង្កើនការយល់ ដឹងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ប្រកបដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល ដើម្បីរួមចំណែកបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ ព្រមទាំងឆ្លើយតបទៅនឹងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មអន្ដរជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការលើកកម្ពស់ ការអប់រំពហុភាសា៖ អក្ខរកម្មសម្រាប់ការយល់ដឹងគ្នាទៅវិញទៅមក និងសន្តិភាព»។
ជារួម ប្រធានបទដែលបាន ជ្រើសរើសសម្រាប់ទិវាអក្ខរកម្ម ឆ្នាំ២០២៤ សុទ្ធតែបានបង្ហាញពីតួនាទីសំខាន់របស់អក្ខរកម្ម ក្នុងការលើកកម្ពស់ និងការផ្ដល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងចំណេះដឹង បំណិន និងនវានុវត្តន៍ សម្រាប់ការប្រាស្រ័យ ទាក់ទងគ្នា ការបណ្តុះភាពសុខដុមរមនានិងការឯកភាពគ្នា ការស្វែងរកគោលដៅរួម ការយល់ដឹងគ្នាទៅវិញទៅមកនិងការស្រឡាញ់និងថែរក្សាសន្តិភាព។
ក្នុងសារលិខិត សម្តេចធិបតីបានបន្តថាកម្ពុជា បានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់អក្ខរកម្ម ដោយបានផ្សារភ្ជាប់ អក្ខរកម្មទៅនឹងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រ។ យោងតាមការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជានៅឆ្នាំ២០២១ កម្ពុជាសម្រេចបានអត្រាអក្ខរកម្មសម្រាប់ មនុស្សពេញវ័យ ៨៤.៧% និងចំណុចដៅសម្រេចឱ្យបាន ៩១.៥% នៅឆ្នាំ២០២៨ ដូចមានចែងក្នុងផែនការ យុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០២៤-២០២៨ ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។
បើតាមសម្តេចធិបតី ជាមួយនឹងការមកដល់ និងសារៈសំខាន់នៃឌីជីថលនីយកម្ម និងបញ្ញាសិប្បនិមិត្តនៅក្នុងការងារនិងការរស់នៅប្រចាំថ្ងៃ តម្រូវឱ្យប្រជាពលរដ្ឋគ្រប់រូបចេះធ្វើការជាមួយនឹងព័ត៌មាននិងបច្ចេកវិទ្យា ដើម្បីទទួលបាននូវប្រយោជន៍នៅក្នុងបរិយាកាសសេដ្ឋកិច្ចថាមវន្ត និងការការពារពីការគំរាមកំហែងនានា។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ទៀតថា អក្ខរកម្មនាពេលបច្ចុប្បន្ននេះ បានពង្រីកវិសាលភាពហួសពីការអាន និងការសរសេរតាមបែបប្រពៃណី និងត្រូវទទួលយកវិមាត្រថ្មីនៃអក្ខរកម្មដែលរួមបញ្ចូលនូវភាពជាពលរដ្ឋសកល ការយល់ដឹងតាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្លៃនៃពិភពលោករបស់យើង។ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការងារអក្ខរកម្ម គឺមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពអាននិងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់បំប៉នជូវជំនាញ និងឱកាសសិក្សាពេញមួយជីវិត ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើប ប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន៕