ដំណើរកម្សាន្តទៅទិសឦសានជើងទី១ តាមផ្លូវក្រវ៉ាត់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី កាលពីថ្ងៃសៅរ៍ទី ៧ ខែកញ្ញា ឆ្នាំ ២០២៤ បានបិទបញ្ចប់ដោយជោគជ័យនិងបានបន្សល់ទុកអនុស្សាវរីយរយលានអត្ថន័យសម្រាប់អ្នកចូលរួមក្នុងដំណើរកម្សាន្តដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនេះដែលពុំធ្លាប់មានពីមុន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ទោះបីជាត្រូវធ្វើដំណើររយៈពេលយូរបន្តិចមែន ក៏ប៉ុន្តែ អ្នកចូលរួមទាំងអស់បានសម្តែងក្តីសប្បាយរីករាយដោយបង្ហាញនូវស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីកាន់តែខ្លាំង ជាពិសេសគឺជំនឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ពួកគេបានឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលដ៏ធំធេងដែលកើតចេញពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំក្នុងបុព្វហេតុជាតិមាតុភូមិ។
ឯកឧត្តម បានបន្តថា មនុស្សក្មេង ចាស់ ប្រុស ស្រី ទាំងព្រះសង្ឃនិងគ្រហស្ថ សរុបប្រមាណជាង ២០០ អង្គ/នាក់ដែលបានចូលរួមក្នុងដំណើរកម្សាន្តដើម្បីឈ្វេងយល់ការពិតអំពីបញ្ហាព្រំដែនជាលើកដំបូងនេះ សុទ្ធតែផ្តិតយកនូវកម្រងរូបថតអនុស្សាវរីយជាច្រើនជាពិសេសជាមួយទង់ជាតិនិងបង្គោលព្រំដែនដែលជាសញ្ញាថា ខ្មែរពិតជាមានមោទនភាពជាតិ និងមានសាមគ្គីភាពរឹងមាំដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីជាមួយរាជរដ្ឋាភិបាល។ អ្នកដំណើរទាំងអស់ក៏ទទួលបានចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹងកិច្ចការព្រំដែនដែលពួកគេមិនធ្លាប់មានពីមុន។ ចំណេះដឹងនេះមានសារសំខាន់ណាស់ដែលប្រជាពលរដ្ឋខ្មែរនិងយុវជនគួរទទួលបានតាមរយៈការចូលរួមដំណើរកម្សាន្តនេះ។
ទន្ទឹមនេះ ឯកឧត្តម អរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តួចផ្តើមឱ្យមានដំណើរកម្សាន្តដោយឥតគិតថ្លៃប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះឡើង។ អរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនរៀមច្បងទាំងអស់ដែលបានលះបង់គ្រប់យ៉ាងដើម្បីការពារជីវិតខ្មែរ ការពារសន្តិភាព ការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ជាពិសេសការពារអត្តសញ្ញាណខ្មែរនិងព្រះរាជាណាចក្រកម្ពុជាដែលយើងទាំងអស់គ្នាបានរស់នៅរហូតសព្វថ្ងៃ៕