សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
ឯកឧត្តមបានកោតសរសើរ និងចាត់ទុកសម្ដេចតេជោដែលបានដឹកនាំប្រទេសកម្ពុជាបានល្អប្រសើរ ជាពិសេសក្នុងពេលដែលប្រទេសជួបនូវភាពស្មុគស្មាញ និងបានកសាងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ហើយឯកឧត្តមក៏បានស្នើគោរពអញ្ជើញសម្ដេចអធិបតីនាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ចូលរួមក្នុងឱកាសដែលឯកឧត្តមចូលកាន់មុខតំណែងជាប្រធាប្រធានាធិបតីនា នៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ។ ឯ
សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានអបអរសាទរចំពោះឯកឧត្តម ដែលនឹងបន្តដឹកនាំសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាមិត្តរបស់កម្ពុជា ហើយសម្ដេចចាត់ទុកថាឥណ្ឌូនេស៊ីគឺជាមិត្តចាស់ ហើយឥណ្ឌូនេស៊ីបានចូលរួមចំណែកយ៉ាងធំធេងក្នុងបុព្វហេតុរបស់កម្ពុជាជា ពិសេសក្នុងការដើរតួនាទីសហប្រធានសន្និសីទ នៃទីក្រុងប៉ារីស។ ប្រទេសឥណ្ឌូនេស៊ីបានផ្ដល់ជាទីកន្លែង សម្រាប់កិច្ចប្រជុំរវាងភាគីកម្ពុជា និងការបង្កើតឧត្តមក្រុមប្រឹក្សាជាតិ។
ទាក់ទងទៅនឹងការអញ្ជើញសម្ដេចទៅចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់ឯកឧត្តម ជាប្រធានាធិបតីនាពេលខាងមុខនេះ សម្តេចតេជោប្រមុខរកស្ដីទីបានទទួលយកការអញ្ជើញ ហើយនឹងផ្ដល់ជូនសម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីទៅចូលរួម ហើយក្នុងករណីសម្តេចធិបតីជាប់ភារកិច្ច សម្តេចនឹងអញ្ជើញទៅចូលរួម។
បន្ថែមពីនេះ សម្តេចតេជោ និងឯកឧត្តម Prabowo Subianto បានពិភាក្សាគ្នាអំពីការផ្លាស់ប្ដូរយោបល់ ជុំវិញសុភាពការណ៍ក្នុងតំបន់ មានបញ្ហានៅសមុទ្រចិនខាងត្បូង បញ្ហាមីយ៉ាម៉ាដែលទាំងសម្ដេចតេជោ និងឯកឧត្តមPrabowo Subianto សុទ្ធតែមានទស្សនៈក្នុងការធ្វើឲ្យតំបន់ទាំងនោះ មានសុខសន្តិភាព ស្ថិរភាពដែលបម្រើផលប្រយោជន៍ជូនដល់ប្រជាជនទាំងមូល៕