រឿងព្រំដែន! អ្នកស្រាវជ្រាវបញ្ចេញឯកសារសម្ងាត់ ដែលជាចំណារបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ នៅពេលចរចាជាមួយវៀតណាម

អ្នកសរសេរសៀវភៅប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិដ៏ល្បីល្បាញ លោក ឥន សុផល បញ្ចេញឯកសារសម្ងាត់ ដែលជាចំណារបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះគណៈកម្មាធិការជាតិព្រំដែនកម្ពុជានៅពេលចរចាជាមួយវៀតណាម។

លោក ឥន សុផល បានរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

តើនរណាជាអ្នកស្នេហាជាតិពិតប្រាកដ ! នរណាជាអ្នកស្នេហាជាតិក្លែងក្លាយ !

១.ភ្ញាក់ខ្លួនឡើងបងប្អូន ! ក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវ ខ្ញុំមិនអាចឈរមើលរឿងអយុត្តិធម៌ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកស្នេហាជាតិពិតប្រាកដ ត្រូវបានគេលាបពណ៌នោះទេ ! ហេតុនេះទើបខ្ញុំ ត្រូវបញ្ចេញឯកសារសម្ងាត់ ដែលជាចំណារបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ចំពោះគណៈកម្មាធិការជាតិព្រំដែនកម្ពុជានៅពេលធ្វើការចរចាព្រំដែនជាមួយវៀតណាមមាន៤ចំណុច ដែលអាចបញ្ជាក់យ៉ាងច្បាស់ថាសម្តេចតេជោ គឺជាអ្នកស្នេហាជាតិពិតប្រាកដ៖

ចំណាទី១.មិនអនុញ្ញាតជាដាច់ខាតក្នុងការដោះដូរដី ដែលមិនមានប្រជាជនរស់នៅ ! មានន័យថានៅពេលភាគីទាំងពីរធ្វើការវាស់វែងរវាងផែនទី និងដីជាក់ស្តែង មានតំបន់ខ្លះខ្សែបន្ទាត់ព្រំដែនរត់ចេញ-ចូលរវាងដីកម្ពុជា និងដីវៀតណាម។ នៅពេលបារាំងបោះបង្គោលព្រំដែនតាមបណ្តោយទន្លេ ព្រែក ស្ទឹង នៅតំបន់ខ្លះបង្គោលព្រំដែននៅលើច្រាំងទន្លេក្នុងទឹកដីកម្ពុជា តំបន់ខ្លះបង្គោលព្រំដែននៅលើច្រាំងក្នុងទឹកដីវៀតណាម ដូច្នេះភាគីទាំងពីរត្រូវចរចា ដើម្បីទម្លាក់ខ្សែបន្ទាត់ព្រំដែនមកជ្រលងទឹកជ្រៅ តាមច្បាប់អន្តរជាតិ ដើម្បីឱ្យពលរដ្ឋនៃប្រទេសទាំងពីរអាចប្រើប្រាស់ទឹក ឬធ្វើដំណើរតាមទូក កាណូតតាមទន្លេ ព្រែក ស្ទឹង ហេតុនេះទើបមានការដោះដូរដី ប៉ុន្តែសម្តេចបានបញ្ជាក់យ៉ាងច្បាស់ថាអនុញ្ញាតឱ្យមានការដោះដូរដីតែកន្លែងដែលមានប្រជាជនរស់នៅប៉ុណ្ណោះ ដើម្បីប្រជាជនមានទឹកប្រើប្រាស់ ! កន្លែងដែលគ្មានប្រជាជនរស់នៅមិនអនុញ្ញាតឱ្យមានការដោះដូរជាដាច់ខាត !

ចំណាទី២.ក្នុងករណីណាក៏ដោយ ការចរចាត្រូវឈរលើមូលដ្ឋានផែនទី Bonn ខ្នាត១/១០០.០០០ ជាដាច់ខាត ! តើហេតុអ្វី? ព្រោះផែនទីនេះគឺជាផែនទី ដែលបានបន្សល់ទុកតាំងពីអាណានិគមបារាំង តាំងពីមុនឆ្នាំ១៩៥០ យើងមិនអាចយកផែនទីណាផ្សេងទៀតក្រៅពីផែនទី Bonn បានឡើយ !

ចំណាទី៣.សម្តេចបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះគណៈកម្មាធិការជាតិព្រំដែនកម្ពុជា ត្រូវតែច្បាស់លាស់ជាដាច់ខាត មិនអាចធ្វើការសម្រេចទាំងស្រពិចស្រពិលបានឡើយ ! សុខចិត្តឱ្យការចរចាបរាជ័យប៉ុន្មានដងក៏ដោយ ប៉ុន្តែមិនអាចធ្វើឱ្យបាត់បង់ទឹកដីជាដាច់ខាត ! ដោយសារបញ្ហានេះ ទើបធ្វើឱ្យការបោះបង្គោលព្រំដែនដែន ត្រូវប្រើរយៈពេលច្រើនឆ្នាំ ។

ចំណាទី៤.នៅក្នុងកិច្ចព្រមព្រៀង វៀតណាមចង់បញ្ជាក់កាលបរិច្ឆេទជាក់លាក់គឺបញ្ចប់ការបោះបង្គោលព្រំដែនត្រឹមឆ្នាំ២០១៥ ប៉ុន្តែសម្តេចតេជោ បានណែនាំទៅគណៈកម្មាធិការជាតិព្រំដែនកម្ពុជាថា “កុំកំណត់ពេលជាក់លាក់ត្រឹមឆ្នាំ២០១៥ យើងត្រូវប្រើពាក្យថា ឆាប់បំផុត” តើហេតុអ្វី? នេះគឺជាគំនិតដ៏ឈ្លាសវៃ និងស៊ីជម្រៅ ច្បាស់លាស់ និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះបើយើងកំណត់ពេលជាក់លាក់ យើងធ្វើការទាំងប្រញាប់ប្រញាល់ រត់ទៅតាមពេលវេលាដែលបានកំណត់ ហេតុនេះអាចមានការថ្លោះធ្លោយក្នុងប្រការណាមួយ ! បើយើងប្រើពាក្យបញ្ចប់ការបោះបង្គោលឱ្យបានឆាប់បំផុត គឺយើងមានពេលគ្រប់គ្រាន់ក្នុងការពិនិត្យឱ្យបានល្អិតល្អន់ មុននឹងធ្វើការសម្រេច រឿងបញ្ចប់ការបោះបង្គោលពេលណាក៏បាន !

២.ចំពោះបង្គោលព្រំដែនលេខ ៩៨ ដែលមានការញុះញង់ពីក្រុមជ្រុលនិយមថាចូលដីខ្មែរនោះគឺមិនពិតទេ ! បង្គោលលេខ៩៨ គឺជាបង្គោលទោលប្រភេទ B ធ្វើពីថ្មក្រានីត បានបោះចំពីលើខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាមនៅក្នុងស្រុកមេមុត ខេត្តក្រចេះ មានរយៈកម្ពស់៥២.២២ម៉ែត្រ និងនិយាមការភូមិសាស្ត្រ 11’43’39.828 រយៈទទឹងខាងជើង 106’12’59.598 រយៈបណ្តោយខាងកើត។ បង្គោលនីមួយៗត្រូវបានគណៈកម្មាធិការជំនាញព្រំដែនប្រទេសទាំងពីរពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីឱ្យមានសុក្រឹតភាព ពុំមែចេះតែបោះទាំងស្មានៗនោះទេ។

៣.និយាមការភូមិសាស្ត្រនៃបង្គោលព្រំដែននីមួយៗ ត្រូវបានភ្ជាប់ទៅនឹង Frequency Asia Pacific អន្តរជាតិ និងបានកត់ត្រាទុកក្នុងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមយ៉ាងច្បាស់លាស់មិនអាចកែប្រែបានឡើយ។ ដូច្នេះបង្គោលព្រំដែននីមួយៗ មិនអាចរំកិលបានឡើយសូម្បីតែ ១សម. ព្រោះវាខុសលេខនិយាមការភូមិសាស្ត្រ ដែលបានកត់ត្រានៅក្នុងសន្ធិសញ្ញា។

៤.ថ្ងៃក្រោយទោះបីបង្គោលព្រំដែនណាមួយ បាក់បែក, បាត់បង់ ឬលិចលង់ទៅក្នុងទន្លេ ក៏ភាគីទាំងពីរនៅមានលេខនិយាមការភូមិសាស្ត្រ ដែលបានកត់ត្រានៅក្នុងសន្ធិសញ្ញា ដែលជាឯកសារគតិយុត្តិអន្តរជាតិ មិនអាចកែប្រែបានឡើយ។ ដូច្នេះភាគីទាំងពីរអាចរកចំណុចបង្គោលព្រំដែន ដែលបាត់បង់នោះឃើញតាមរយៈលេខនិយាមការភូមិសាស្ត្រ។

៥.ក្នុងនាមជាពលរដ្ឋខ្មែរ រស់ក្រោមដំបូលរដ្ឋាភិបាលតែមួយ ដូច្នេះត្រូវមានជំនឿជឿជាក់ និងទុកចិត្តរាល់ការសម្រេចរបស់រដ្ឋាភិបាល។ សម្តេចតេជោក៏ជាខ្មែរ លោកសមរង្ស៊ី ក៏ជាខ្មែរ មានការគាំទ្រពីប្រជាពលរដ្ឋខ្មែរដូចគ្នា គ្រាន់តែសម្តេចតេជោ ទទួលបានការគាំទ្រច្រើនលើសលុប ព្រោះសម្តេចធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រយោជន៍ជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ផ្ទុយពីលោក សម រង្ស៊ី បានប្រើប្រាស់ប្រជាប្រិយភាព ដែលប្រជាជនខំគោរពស្រឡាញ់នោះ មកបំផ្លាញប្រជាពលរដ្ឋរបស់ខ្លួនទៅវិញ ដូចជាការអំពាវនាវឱ្យអឺរ៉ុបផ្តាច់ EBA, ឱ្យអន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ច មិនតែប៉ុណ្ណោះបានញុះញង់ពលរដ្ឋស្លូតត្រង់ដែលខំដើរតាមឧបាយកលទុច្ចរិតរបស់ខ្លួនឱ្យប្រព្រឹត្តអំពើររំលោភបំពានច្បាប់ ត្រូវជាប់គុកជាបន្តបន្ទាប់។

៦.សូមជូនទៅលោកសម រង្ស៊ី ចាស់ហើយល្មមសម្រាកទៅ បញ្ឈប់ការលាភពណ៌ ញុះញង់ពលរដ្ឋស្លូតត្រង់តទៅទៀត ទុកឱ្យពួកគាត់នៅបានសុខផង ! លោកពុំមែនបាត់ការចងចាំព្រឹត្តិការណ៍ថ្ងៃទី៥-៦ កក្កដា ១៩៩៧ នោះទេ ទ្រង់រណឫទ្ធិ បានប្រើកម្លាំងទ័ពហ្វ៊ុនស៊ិនប៉ិក បូកជាមួយកងទ័ពខ្មែរក្រហម បំពាក់អាវុធទំនើបៗសុទ្ធតែ អាំប្រាស់ ក៏មិនអាចផ្តួលរំលំរដ្ឋាភិបាលបានដែរ ! ប៉ុន្តែអ្វីដែលក្រុមលោកបានឱ្យយុវជនប្រើកាំភ្លើងកែច្នៃ, ចម្ពាមកៅស៊ូ, កាំបិតពូថៅ គ្រាន់តែរុញឱ្យពួកគេ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដើម្បីឱ្យអន្តរជាតិថ្កោលទោសរដ្ឋាភិបាលប៉ុណ្ណោះ តែលោកមានបានគិតស្រមៃដល់ពលរដ្ឋស្លូតត្រង់ ដែលខំស្មោះនឹងលោកកំពុងដេកគុក តើវេទនាប៉ុនណាទេ ?