សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា “ក្រុមជ្រុលនិយមនៅក្រៅប្រទេសព្យាយាមបំផ្លាញកម្ពុជាយើង ក្រុមនេះញុះញង់ អូសទាញក្រុមជ្រុលនិយមមួយក្តាប់តូចដែលនៅក្នុងប្រទេស ប៉ុន្តែផែនការដ៏អាក្រក់នេះ ត្រូវបានទប់ស្កាត់។ យើងអនុវត្តច្បាប់ដើម្បីការពារច្បាប់ការពារឆន្ទៈប្រជាពលរដ្ឋរាប់លាននាក់ទូទាំងប្រទេស ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមនេះដុតបំផ្លាញកម្ពុជាបានជាដាច់ខាត”។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ផ្តាំទៅក្រុមប្រឆាំងមួយក្តាប់តូច ដែលកំពុងរស់នៅក្រៅប្រទេស ហើយតែងតែធ្វើការញុះញង់ពលរដ្ឋឲ្យប្រឆាំង និងផ្តួលរលំរាជរដ្ឋាភិបាល តាមរយៈធ្វើបាតុកម្មនោះថា ច្បាប់មិនត្រឹមតែធានា និងការពារសិទ្ធពលរដ្ឋប៉ុណ្ណោះទេ ច្បាប់ក៏ជាការធានា បាននូវសេចក្តីសុខ សន្តិភាព ស្ថេរភាពសង្គមជូនប្រជាពលរដ្ឋផងដែរ។ ដូច្នេះបុគ្គលណាដែលមានចេតនា ចង់បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដែលកំពុងមានសព្វថ្ងៃនេះ ច្បាប់ក៏នឹងចាត់វិធានការដោយគ្មានការលើកលែងផងដែរ។
សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងអញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមសម្តេចធិបតី ក្រុមដែលពាក់ព័ន្ធនឹងថ្ងៃទី១៨ ខែសីហា យើងបានឃាត់ខ្លួន ៦៦នាក់ ហើយបានអប់រំដោះលែងទៅវិញ ៥៧នាក់ និងបន្តអនុវត្តតាមនីតិវិធីតុលាការចំនួន ០៩នាក់។ សម្តេចបានគូសបញ្ជាក់ថា ការអនុវត្តច្បាប់ ហើយពេលខ្លះក៏មិនរឹងពេកដែរ ព្រោះយើងដឹងថាពលរដ្ឋមួយចំនួនតូចចាញ់បោកក្រុមជ្រុលនិយមនៅក្រៅប្រទេសទាំងនោះ៕
អត្ថបទ៖ អក្ខរា