សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃទី១៨សីហា គឺជាឧទាហរណ៍ជាក់ស្តែងក្នុងការអនុវត្តច្បាប់ ដើម្បីធានាសេចក្តីសុខទាំងអស់គ្នា។ សម្តេចបានបញ្ជាក់ថា ការអនុវត្តច្បាប់ត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ នៅថ្ងៃ១៨សីហា អាចធ្វើឲ្យមានស្ថិរភាពហើយអង្គុយជុំគ្នានៅពេលនេះបាន។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា៖ “រាជរដ្ឋាភិបាល គ្មានដំណោះស្រាយណាមួយ ក្រៅពីការអនុវត្ដច្បាប់នោះទេ សម្រាប់ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ដែលជាការឈានហួសបន្ទាត់ក្រហម ហើយរាជរដ្ឋាភិបាលធ្វើនេះគឺដើម្បីរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិយើង”។
សម្តេចធិបតី បានថ្លែងបែបនេះ ក្នុងអញ្ជើញចែកសញ្ញាបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ក្រោមលេសធ្វើបាតុកម្មសម្តែងមតិដោយសន្តិវិធី បានកំណត់យកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីអនុវត្តផែនការផ្ដួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតយ៉ាងស្របច្បាប់។
តែយ៉ាងណា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ បានទទួលបរាជ័យយ៉ាងអាម៉ាសទាំងស្រុង ដោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសន្តិភាព ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។
ក្នុងនោះ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធបានចាត់វិធានការរារាំង ទប់ស្កាត់ ឃាត់ដំណើរ ជនសង្ស័យដែលអាចជាមុខសញ្ញាចូលមករាជធានីភ្នំពេញ បានចំនួន១៨៨នាក់ ដោយពន្យល់អប់រំណែនាំរួចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ បានឃាត់ខ្លួន និងអនុវត្តវិធានការរដ្ឋបាល ដោយគ្រាន់តែអប់រំណែនាំធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅផ្ទះវិញចំនួន៥៧នាក់ និងបានឃាត់ខ្លួនមេបណ្តាញមួយចំនួនបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ ភ្ជាប់ដោយភស្តុតាងយ៉ាងរឹងមាំ រួមមានអាវុធកែច្នៃផ្សេងៗ ឧបករណ៍សម្ភារៈបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សារសំឡេងបញ្ជញុះញង់ឱ្យប្រើហិង្សា ព្រមទាំងមធ្យោបាយល្មើសមួយចំនួនទៀតសម្រាប់អនុវត្តផែនការដ៏ខ្មៅងងឹតនេះ៕
អត្ថបទ៖ អក្ខរា