ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងចេញបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាផងដែរ។ នេះបើតាមឲ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តម ស៊ុន ចាន់ថុល សម្តែងនូវអំណរគុណដល់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគ នៅកម្ពុជានាពេលកន្លងមក។ ជាក់ស្ដែង មានក្រុមហ៊ុនធំៗរបស់សហរដ្ឋអាម៉េរិកមួយចំនួន ដែលទទួលបានជោគជ័យលើការវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រោមកិច្ចសម្របសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការច្រកចេញចូលតែមួយ និងភាពបើកទូលាយរបស់កម្ពុជាជូនដល់វិនិយោគិនបរទេស។ ឯកឧត្តមចង់ឃើញឱ្យបានកាន់តែច្រើនថែមទៀត នូវការវិនិយោគពីសហរដ្ឋអាម៉េរិក និងសហគមអ៊ឺរ៉ុប នៅកម្ពុជា ហើយរំពឹងថាការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាម៉េរិក នឹងមានការកើនឡើងនាពេលអនាគត។
លោកស្រីភារធារី Bridgette L. Walker បានបង្ហាញនូវសុទិដ្ឋិនិយមអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងជូនពរដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យទទួលបានជោគជ័យក្នុងការបេសកកម្មការងារក្នុងសហរដ្ឋអាម៉េរិកនាពេលខាងមុខ។ បន្ថែមពីនេះ ចំពោះទំនាក់ទំនងទ្វេភាគី លោកស្រីរំពឹងថា កម្ពុជានិងសហរដ្ឋអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕