ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ចុះពិនិត្យមើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ការដាំបង្គោលព្រំដីឡូត៍ និងការសាងសង់ផ្លូវដី ស្ថិតនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនឹងអភិវឌ្ឍន៍ទៅជាបុរីជនបទនាពេលខាងមុខ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយភូមិឋាននៅទីជនបទ ឱ្យទៅជាបុរីជនបទ ប្រកបដោយការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកបង្ខិតគម្លាតរវាងជនបទ និងទីក្រុងឱ្យកាន់តែខិតជិតគ្នា និងបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
កាលពីចុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានផ្ដល់ដីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ដើម្បីសាងសង់លំនៅឋានសមរម្យ និងធ្វើកសិកម្ម សំដៅលើកស្ទួយជីវភាពរបស់ពួកគេ តាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ច គម្រោង LASED III។
ជាមួយគ្នានេះ ក្រសួងនិងរដ្ឋបាលខេត្តបានយកចិត្តទុកដាក់កសាងបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តបណ្ដាញទឹក និងអគ្គិសនី ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ អក្ខរា