ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ថាថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ក្រោមលេសធ្វើបាតុកម្មសម្តែងមតិដោយសន្តិវិធី បានកំណត់យកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីអនុវត្តផែនការផ្ដួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតយ៉ាងស្របច្បាប់។
ក្រសួងមហាផ្ទៃ តាមរយៈសេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ បានទទួលបរាជ័យយ៉ាងអាម៉ាសទាំងស្រុង ដោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសន្តិភាព ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។ ការបរាជ័យនៃផែនការក្រុមជ្រុលនិយមមួយក្តាប់តូចនេះ កើតចេញពីការអនុវត្តផែនការសន្តិសុខរបស់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចចម្រុះគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រជាការពារទូទាំងប្រទេស។ ជាពិសេសកម្លាំងយុវជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន ពុំបានលង់ជឿលើឧបាយកលទុច្ចរិត ញុះញង់អុចអាលបោកបញ្ឆោតអូសទាញឱ្យចូលរួមនោះឡើយ។
លើសពីនេះ មេបណ្តាញមួយចំនួនទាំងក្នុង និងក្រៅប្រទេស បានភ្ញាក់រលឹកទាន់ពេលចូលសារភាព និងប្រកាសលាតត្រដាងអំពីផែនការទុច្ចរិតរបស់មេក្លោងនៅពីក្រោយខ្នងផងដែរ។ តែទោះជាយ៉ាងក៏ដោយ ក៏នៅមានក្រុមជនជ្រុលនិយមមួយយក្ដាប់តូចនៅតែបន្តអនុវត្តតាមផែនការល្មើសច្បាប់នេះដោយធ្វើសកម្មភាពគ្រប់មធ្យោបាយ ដើម្បីចូលមកកាន់រាជធានីភ្នំពេញ។
តបទៅនឹងឥរិយាបថដ៏គឃ្លីននេះ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធបានចាត់វិធានការរារាំង ទប់ស្កាត់ ឃាត់ដំណើរ ជនសង្ស័យដែលអាចជាមុខសញ្ញាចូលមករាជធានីភ្នំពេញ បានចំនួន១៨៨នាក់ ដោយពន្យល់អប់រំណែនាំរួចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ បានឃាត់ខ្លួន និងអនុវត្តវិធានការរដ្ឋបាល ដោយគ្រាន់តែអប់រំណែនាំធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅផ្ទះវិញចំនួន៥៧នាក់ និងបានឃាត់ខ្លួនមេបណ្តាញមួយចំនួនបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ ភ្ជាប់ដោយភស្តុតាងយ៉ាងរឹងមាំ រួមមានអាវុធកែច្នៃផ្សេងៗ ឧបករណ៍សម្ភារៈបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សារសំឡេងបញ្ជញុះញង់ឱ្យប្រើហិង្សា ព្រមទាំងមធ្យោបាយល្មើសមួយចំនួនទៀតសម្រាប់អនុវត្តផែនការដ៏ខ្មៅងងឹតនេះ។
ក្រសួងមហាផ្ទៃ សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះប្រជាជនទូទាំងប្រទេស ដែលបានបង្ហាញនូវស្មារតីសាមគ្គីដ៏រឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ ថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម។ ដូចគ្នានេះ សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនឹងកម្លាំងប្រជាការពារ ដែលបានបំពញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានារក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម។ ជាពិសេស សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបំផ្លាញចោលទាំងស្រុង នូវផែនការទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលយកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រមូលកម្លាំងផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងុយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។
ក្រសួងមហាផ្ទៃ មានជំនឿយ៉ាងមុតមាំលើទឹកចិត្តស្នេហាជាតិ របស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងកម្លាំងប្រជាការពារទូទាំងប្រទេស ក្នុងការបន្តស្មារតីដ៏អង់អាចចូលរួមជាមួយរាជរដ្ឋាភិបាលស្របច្បាប់ដើម្បីការពាររក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាពក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕