គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១ភាគរយហើយ។ នេះតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅលើបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តទៀតថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ។
គួរបញ្ជាក់ថា គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនធៀន។
ក្រោយបញ្ចប់ការសាងសង់ ស្ពាន និងផ្លូវតភ្ជាប់នេះ នឹងជំរុញឱ្យតំបន់នោះមានសន្ទុះកើនឡើងនូវសកម្មភាពដឹកជញ្ជូន ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍នៅតាមបណ្តាខេត្តស្ថិតនៅភូមិភាគឦសាន រួមទំាងតំបន់ត្រីកោណអភិវឌ្ឍន៍ផងដែរ ដែលស្របតាមគោលនយោបាយ និងផែកការមេរបស់រាជរដ្ឋាភិបាល និងប្រទេសនៃតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV)។
ស្ពាន និងផ្លូវតភ្ជាប់នេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់ពលរដ្ឋ សិស្សានុសិស្ស សម្រួលឱ្យពលរដ្ឋធ្វើដំណើរទៅកាន់មន្ទីរពេទ្យ នៅគ្រាអាសន្ន ឬយប់ព្រលប់ដោយពុំចាំបាច់ឆ្លងស្រឡាង មិនចំណាយប្រាក់កាស និងមានសុវត្ថិភាព ជាពិសេសសម្រួលដល់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ៕
អត្ថបទ៖ ពុទ្ធិកា