សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យភាគីកម្ពុជានិងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនាដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្តជាដើម។
បើតាមសម្តេចតេជោ, ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថាជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ។
ការលើកឡើងរបស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍សម្ដេចតេជោ បានលើកឡើងពីគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីថៃ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រ លើរូបមន្ត Visa 2 + X គឺចាប់ផ្ដើមពីកម្ពុជា និងថៃ បូកនិងប្រទេសផ្សេងទៀត។ តាមរយៈរូបមន្តនេះ ការស្នើសុំ Visa តែមួយតែអាចទស្សនាប្រទេសកម្ពុជា និង/ឬប្រទេសថៃបាន។ សម្ដេច បានសម្តែងនូវក្តីសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងពិភាក្សាលើបញ្ហានេះគឺចាប់ផ្ដើមពីប្រទេសកម្ពុជា និងថៃ ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។
សម្ដេច បានបន្តថា ក្រៅពីវិស័យសេដ្ឋកិច្ច ប្រទេសយើងទាំងពីរត្រូវរួមគ្នារួមចំណែកក្នុងការថែរក្សាវប្បធម៌ ហើយយើងក៏មានវេទិកាជាច្រើនទៀតដូចជា ACMECS, Mekong, អាស៊ាន និង RCEP ជាដើម ដែលយើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀត។ សម្ដេច ក៏បានផ្ដាំផ្ញើតាមរយៈឯកឧត្តមឯកអគ្គរាជទូតថៃ នូវការសួរសុខទុក្ខដល់លោកជំទាវនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសថៃផងដែរ៕