គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើការបដិសេធចំពោះសេចក្ដីថ្លែងការណ៍របស់ ASEAN Parliamentarians for Human Rights (APHR) ដែលគ្មានមូលដ្ឋាន ខុសពីការពិត និងមានលក្ខណៈនយោបាយ។ ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាការអនុវត្តសិទ្ធិមនុស្សទេ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ថែមថា សេចក្ដីថ្លែងការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជានោះទេ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការស្រាយបំភ្លឺថា៖ ១. APHR មិនមែនជាតំណាងឱ្យស្ថាប័ន ឬជាផ្នែកណាមួយនៃយន្តការរបស់អាស៊ាននោះឡើយ។ ដោយឡែកអង្គការនេះ បានចាត់ទុកខ្លួនឯងថាជាអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលមានចំណេះដឹងតិចតួចអំពីប្រវត្តិសាស្ត្រ ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ សាសនា ច្បាប់ជាតិ និងអន្តរជាតិ។ អង្គការមួយនេះ បានបំផ្លើសនិងធ្វើសកម្មភាពដោយគ្មានការអៀនខ្មាស ព្រមទាំងដើរតួជាចៅក្រមជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យមួយ ក្នុងគោលដៅនយោបាយតែប៉ុណ្ណោះ។ ការថ្កោលទោស ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ដោយសេចក្តីថ្លែងការណ៍របស់អង្គការនេះ គឺជាចេតនាគាំទ្រអំពើឧក្រិដ្ឋ។
មាត្រា២៩ (២) នៃសេចក្ដីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) ព្រមទាំងមាត្រា១៩ និងមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលបានទទួលស្គាល់សេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី ក៏មានការលើកលែងដែរ។ មាត្រាទាំងនេះក៏មានការឱ្យតម្លៃ លើការអនុវត្តសិទ្ធិ លើកិច្ចការពារសន្តិសុខជាតិ ឬសណ្ដាប់ធ្នាប់សាធារណៈ។ ទន្ទឹមនេះការផ្សព្វផ្សាយដល់សាធារណជន ដោយចេតនាទុច្ចរិតលើបញ្ហាព្រំដែន ដោយការប្រតិដ្ឋភស្តុតាងការផ្សព្វផ្សាយព័ត៌មានមិនពិត ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាការប្រើប្រាស់សិទ្ធិនិងសេរីភាពនោះទេ តែគឺជាការប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ដោយមានការយល់ឃើញ និងការអនុវត្តវិធានការដូចគ្នា សម្រាប់សង្គមប្រជាធិបតេយ្យ។
បន្ថែមពីនេះ ចំពោះការចាប់ខ្លួនជនសង្ស័យមួយចំនួន គឺផ្អែកលើភស្តុតាងជាក់ស្តែង និងមិនអាចប្រកែកបាន ដោយបុគ្គលទាំងនោះបានផ្សព្វផ្សាយការគំរាមកំហែង ព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងញុះញង់មហាជនឱ្យធ្វើបដិវត្តន៍ពណ៌ និងប្រព្រឹត្តអំពើហិង្សានានា ដើម្បីផ្តួលរំលំរបបរាជានិយមនៅកម្ពុជា។
ដូចគ្នានេះដែរ ចំពោះការចាប់ខ្លួនបុគ្គលមួយចំនួន ដែលប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នាពេលថ្មីៗនេះ មិនមែនដោយសារការប្រើប្រាស់សេរីភាពក្នុងការបញ្ចេញមតិ ឬការជួបប្រជុំដោយសន្តិវិធីនោះទេ ប៉ុន្តែដោយសារតែចេតនាទុច្ចរិតក្នុងការបង្កអស្ថិរភាព និងញុះញង់ឱ្យប្រើអំពើហិង្សា ហើយអាជ្ញាធរបានរកឃើញភស្តុតាងជាក់លាក់ដូចជា កាំភ្លើងកែច្នៃ ដូនភ្ជាប់ដោយគ្រាប់ផ្ទុះ និងអាវុធគ្រោះថ្នាក់ដទៃជាច្រើនទៀត។ ហេតុដូច្នេះអាជ្ញាធរគ្មានជម្រើសអ្វីក្រៅពីការចាប់ខ្លួន ដើម្បីរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៅក្នុងសង្គមកម្ពុជា និងបន្តនីតិវិធីស្របតាមច្បាប់កម្ពុជា។
ទន្ទឹមនេះ អាជ្ញាធរក៏បានចាត់វិធានការរដ្ឋបាលផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត ដូចជាការផ្ដល់ព័ត៌មានពិត និងទុកចិត្តបានហើយឱ្យបុគ្គលទាំងនេះត្រឡប់ទៅផ្ទះវិញ។
បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ការចេញសេចក្តីថ្លែងការណ៍ណាមួយ ដើម្បីដាក់សម្ពាធ និងបង្គាប់បញ្ជាឱ្យតុលាការដោះលែងជនជាប់ចោទនិងទម្លាក់ការចោទប្រកាន់ណាមួយជាបន្ទាន់ គឺជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងមិនគោរពនីតិរដ្ឋ។ ការសម្រេចសេចក្តីដោយឯករាជ្យរបស់តុលាការ ជាការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍នីត្យានុកូលភាព និងដំណើរការនីតិវិធីត្រឹមត្រូវ គោរពសិទ្ធិជាមូលដ្ឋាន ដែលផ្ដល់ឱ្យជនជាប់ចោទ ទទួលបាននូវការជំនុំជម្រះក្តីដោយយុត្តិធម៌ និងទទួលបានឱកាស ដើម្បីការពារខ្លួនស្របច្បាប់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ទៀតថាសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ទន្ទឹមនេះ នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋរាប់លាននាក់ បាននិងកំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមជាច្រើន រួមមាន Facebook, Instagram,Telegram និង Whatsapp ជាដើមដោយគ្មានការរឹតត្បិត ក្នុងការបញ្ចេញមតិយោបល់របស់ពួកគេ ក្នុងបរិយាកាសមួយដែលមានលក្ខណៈសរី និងទូលំទូលាយ។ ជាងនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយប្រមាណ ២,០០០ និងអ្នកសារព័ត៌មានរាប់ម៉ឺននាក់ រួមទាំងអង្គភាពសារព័ត៌មានរិះគន់រាជរដ្ឋាភិបាលផងនោះ បាននឹងកំពុងដំណើរការផ្សាយដោយសេរីទាំងក្នុងទម្រង់បែបប្រពៃណីនិងឌីជីថល ដោយមិនមានការត្រួតពិនិត្យជាមុនឡើយ។ ប្រទេសកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តរក្សាសង្គមពហុនិយម បរិយាប័ន្ន និងប្រជាធិបតេយ្យ ជាមួយនឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។
គ.ស.ម.ក. អំពាវនាវយ៉ាងទទូចដល់ភាគីពាក់ព័ន្ធទាំងអស់ សូមធ្វើការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានហ្មត់ចត់ មុននឹងសម្តែងនូវមតិសន្និដ្ឋានណាមួយ ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា៕