ទូតថៃ រំពឹងថា ទំនាក់ទំនងកម្ពុជានិងថៃ នឹងកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យ​នាពេលអនាគត

មុនពេលចាកចេញក្រោយចប់អាណត្តិការទូតនៅកម្ពុជា ឯកឧត្ដម ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR )ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានបង្ហាញក្តីរំពឹងថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសកម្ពុជានិងថៃ នឹងកាន់តែរីកចម្រើនលូតលាស់ជាងនេះទៅទៀត ខណៈប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជា ជាដៃគូផ្នែកពាណិជ្ជកម្ម ។

នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ឆឺតគៀត អាត់ថាកន បានបញ្ជាក់ថា ក្នុងរយៈពេលជិត២ឆ្នាំនៃអាណត្តិការទូតរបស់ឯកឧត្តម ឯកឧត្តមបានបំពេញការងារក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នានិងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជននៃប្រទេសទាំងពីរដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រកាលពីខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសថៃ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអរគុណដល់រដ្ឋាភិបាលថៃដែលបានបង្កលក្ខណៈងាយស្រួល និងសម្របសម្រួលដល់ពលករដែលបម្រើការងារនៅប្រទេសថៃ ដោយសម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ពលករទាំងនោះមិនត្រឹមតែទទួលបានប្រាក់បៀវត្សក្នុងនោះទេ ប៉ុន្តែពួកគេថែមទទួលបាននូវបច្ចេកទេស និងជំនាញ ដែលអាចយកមកបំពេញការងារពេលត្រលប់មកកម្ពុជាវិញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ក្រៅពីវិស័យសេដ្ឋកិច្ច ប្រទេសយើងទាំងពីរត្រូវរួមគ្នារួមចំណែកក្នុងការថែរក្សាវប្បធម៌ ហើយយើងក៏មានវេទិកាជាច្រើនទៀតដូចជា ACMECS, Mekong, អាស៊ាន និង RCEP ជាដើម ដែលយើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀត៕

អត្ថបទ៖ ពុទ្ធិកា