យុទ្ធនាការ Fit For Hope 2024 ដែលជាយុទ្ធនាការលើកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ នៅរៀបចំធ្វើនៅសណ្ឋាការសូហ្វីតែលភ្នំពេញ ។
ជំងឺមហារីកសុដន់មានអត្រាតួលេខឈរនៅលំដាប់ខ្ពស់ជាងគេនៅតាមមន្ទីរពេទ្យក្នុងចំណោមជំងឺមិនឆ្លងទាំងអស់។ ដោយមើលឃើញពីហានីភ័យខ្ពស់ចំពោះសុខភាពស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា ទើបមានការរៀបចំនូវយុទ្ធនាការលើកកម្ពស់ការយល់ដឹងដល់ស្រ្តីពីជំងឺមហារីកសុដន់ ដែលមានឈ្មោះថា Fit For Hope 2024 រៀបចំដោយវិស័យឯកជន ដែលមានកិច្ចគាំទ្រពី ក្រសួងកិច្ចការនារី និងស្ថាប័នរដ្ឋដទៃទៀត។
លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងក្រសួងពាក់ព័ន្ធ ក្នុងការបំផុសគំនិតបង្កើតឱ្យមានយុទ្ធនាការនេះឡើង ដែលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងដល់ស្រ្តី និងក្មេងស្រី អំពីសុខភាពសាធារណៈ ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ដែលផ្ដោតលើកត្តា ការអប់រំ យេនឌ័រ សុខភាពសាធារណៈ និងការលើកកម្ពស់អាហារូបត្ថម្ភ ជួយកាត់បន្ថយអត្រាមរណនៃសុខភាពមាតា និងទារក។
បន្ថែមពីលើនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍អំពាវនាវដល់គ្រប់ក្រសួងស្ថាប័នរដ្ឋ និងឯកជន ក្នុងការចូលរួមលើកកម្ពស់សុខភាពសាធារណៈដើម្បីកាត់បន្ថយហានីភ័យខ្ពស់នៃជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូន ព្រមទាំងលើកទឹកចិត្តដល់ស្រ្តី និងក្មេងស្រី នៅតាមសហគមន៍ កុំមានការខ្មាសអៀន និងត្រូវទៅពិនិត្យសុខភាពស្រ្តីឱ្យបានទៀងទាត់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិតក៏បានបញ្ជាក់ថា ក្រៅពីមន្ទីរពេទ្យរដ្ឋមួយចំនួន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកមន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកថ្នាក់ជាតិ ដែលបើកដំណើរចាប់ពីកញ្ញាឆ្នាំ ២០២៤ នេះ លើការពិគ្រោះជំងឺមហារីក។ ចំណែកការព្យាបាល អាចនឹងផ្ដល់សេវាជូននាចុងឆ្នាំ២០២៤ ឬដើមឆ្នាំ ២០២៥ ។ សូមបញ្ជាក់ថា នេះជាគំនិតផ្ដួចផ្ដើមដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ទាល់ ហើយក៏មានការយល់ព្រមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។
យុទ្ធនាការ Fit For Hope 2024 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១១, ១២ និង ១៣ ខែតុលា ខាងមុខនេះ ដែលបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់អាចចូលរួមពិគ្រោះ និងពិនិត្យស្វែងរកជំងឺមហារីកសុដន់ជាមួយគ្រូពេទ្យឯកទេស ដោយមិនគិតថ្លៃ នៅទីតាំងចំនួន ៣ កន្លែង គឺ នៅផ្សារទំនើបអ៊ីអន១ , The Factory Phnom Penh និងនៅបរិវេណខាងមុខវត្តបុទុមវត្តី៕