កាលលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមរបស់គណនីហ្វេសបុក និងគណនីហ្វេសបុកផេកមួយចំនួន ពាក់ព័ន្ធនឹងផ្ទះបណ្តែតទឹកនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ ចេញមកបដិសេធ និងច្រានចោលការចុះផ្សាយព័ត៌មាននេះ ដោយបញ្ជាក់ថា ជាការចុះផ្សាយព័ត៌មានមិនពិត ដែលមានចរិតញុះញង់ មូលបង្កាច់ បង្អួចកិត្តិយសថ្នាក់ដឹកនាំ ដោយបានយករូបភាពចាស់ៗកាលពី ៤ឆ្នាំមុនមក ធ្វើការផ្សព្វផ្សាយឡើងវិញ ធ្វើឱ្យសាធារណជនអាចមានការយល់ភាន់ច្រលំខុសពីការពិតជាក់ស្តែង។
ករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ ក៏ធ្លាប់បានជម្រាបជូនសាធារណជនម្តងរួចហើយកាលពីពេលកន្លងទៅ។ រដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការបដិសេធចំពោះការចុះផ្សាយបែបអគតិ និងស្នើឱ្យធ្វើការកែតម្រូវ ព័ត៌មានឱ្យបានត្រឹមត្រូវតាមការពិតជាក់ស្តែង។
ជាមួយគ្នានេះ រដ្ឋបាលខេត្តពោធិ៍សាត់ អំពាវនាវ ឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាធារណជន ទូទៅកុំមានការយល់ភាន់ច្រលំចំពោះការចុះផ្សាយរបស់គណនីហ្វេសបុក និងហ្វេសបុកផុតមួយចំនួន នេះឱ្យសោះ៕
អត្ថបទ៖ ពុទ្ធិកា