សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងថាព្រឹត្តិកា​រណ៍Gumball 3000 ​នឹងជួយ​ផ្សព្វផ្សាយ​ទេ​សចរណ៍ ធុរកិច្ច និងវិនិយោគ​របស់កម្ពុជា

ព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 x Chip Mong បានរៀបចំ Pre-Event ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ មុននឹងកម្មវិធីផ្លូវការនាថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ខាងមុខនេះ។  ព្រឹត្តិការណ៍ Gumball 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលពោរពេញដោយក្បួនរថយន្តទំនើបៗ ហើយនឹងត្រូវចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក ។

តាមរយៈព្រឹត្តិការណ៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំពឹងថា នឹងជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ធុរកិច្ច និងវិនិយោគរបស់កម្ពុជាបន្ថែមទៅលើឆាកអន្តរជាតិ ពិសេស យុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ក្នុងគោលដៅទាក់ទាញទេសចរ និងវិនិយោគិនមកកាន់កម្ពុជាកាន់តែច្រើន ។ លើសពីនេះ ព្រឹត្តិការណ៍ Gumball 3000 នឹងមានមូលនិធិរៃអង្គាសប្រាក់ ដែលនឹងត្រូវបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរផងដែរ ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ដល់ ក្រសួងទេសចរណ៍, ក្រុមហ៊ុន Chip Mong Group, ស្ថាបនិកព្រឹត្តិការណ៍​Gumball 3000 និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកនេះឡើងនៅក្នុងទឹកដីកម្ពុជា ដែលនេះ ក៏នឹងក្លាយជាកាតាលីករបន្ថែមទៀត ក្នុងការបង្ហាញកិត្យានុភាព និងសក្តានុពលរបស់កម្ពុជា ។

ក្នុងកិច្ចប្រជុំរួមគ្នារវាងសាលារាជធានីភ្នំពេញ ក្រសួង​ទេសចរណ៍ និងក្រុមហ៊ុនជីបម៉ុងគ្រុប កាលពីថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៤ ឧកញ៉ា លាង ពៅ (ភីធើរ)សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនជីបម៉ុងគ្រុប បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ GUMBALL 3000 Rally នេះ ក្រសួងទេសចរណ៍ រួមសហការជាមួយក្រុមហ៊ុនជីបម៉ុង បានជ្រើសរើសយកទីតាំងសំខាន់ៗ តំណាងឱ្យអត្តសញ្ញាណ​ប្រទេសកម្ពុជា ដើម្បីបង្កើតបានជារូបភាពជាប្រវត្តិសាស្ត្រ មិនធ្លាប់មាន ឱ្យពិភពលោកបានឃើញ តាមរយៈរូបភាពដែលនឹង​ផ្សព្វផ្សាយ ដោយបុគ្គលមានឥទ្ធិពល បុគ្គលល្បីៗ មកពីជុំវិញពិភពលោកតាមរយៈក្បួនរថយន្ត GUMBALL 3000 នេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ GUMBALL 3000 Rally នៅប្រទេសកម្ពុជានឹង​មាន រថយន្តទំនើបៗរួមមាន Supercar Hypercar Sportcar ប្រមាណ ១៣០ ទៅ ១៥០ គ្រឿង មកពីបណ្ដាប្រទេសជាង ៤០ ចម្រុះដោយ ៤០ជាតិសាសន៍ផ្សេងៗគ្នាចូលរួម ។ អ្វីដែលកាន់តែអស្ចារ្យលើសនេះទៀតនោះ ក្បួនរថយន្ត GUM​BALL 3000 នឹងធ្វើការចត នៅមុខប្រាសាទអង្គរ នៅថ្ងៃទី១៧ ខែកញ្ញា ដើម្បីបំបែកឯកគ្គទកម្មពិភពលោក ដែលនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយ ដែលរថយន្តទំនើបៗរាប់រយគ្រឿង បានចតនៅមុខប្រាសាទអង្គរ៕

អត្ថបទ៖ ពុទ្ធិកា