កំពូលតារាចម្រៀង ឧកញ៉ា ខេមរ សិរីមន្ត ចូលរួមកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក

កំពូលតារាចម្រៀង ឧកញ៉ា ខេមរ សិរីមន្ត បង្ហាញវត្តមានក្នុងកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។

ឧកញ៉ា ខេមរ សិរីមន្ត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “ថ្ងៃនេះខ្ញ៉ំបាទ បានចូលរួមកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប អរគុណបងប្អូនដែលបានគាំទ្រខ្ញ៉ំបាទ និងក្រុមការងារ Gumball3000 ក្នុងគោលបំណង ផ្សព្វផ្សាយទេសចរណ៍ប្រទេសយើង ទៅកាន់ពិភពលោក ស្រលាញ់បងប្អូនទាំងអស់គ្នា 🥰🙏🏻🇰🇭”។

ព្រឹត្តិការណ៍ Pre-Event GUMBALL3000 នៅកម្ពុជា រៀបចំសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង រដ្ឋបាលខេត្តសៀមរាប ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមជាមួយផ្នែកឯកជនពាក់ព័ន្ធ។ ព្រឹត្តិការណ៍នេះ ក្រោមប្រធានបទ “Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” ដែលមានការតាំងបង្ហាញសាកល្បង​ពិព័រណ៍រថយន្ត​ទំនើបប្រមាណ៨០គ្រឿង រួមជាមួយ ម៉ូតូធំចំនួន១០០គ្រឿង និងមានការប្រគំតន្ត្រីខ្នាតតូច នៅបរិវេណសួនព្រះរាជដំណាក់ ថ្ងៃទី៣១ ខែសីហា និងការបើកបរសាកល្បង (Drag Race) នៅបរិវេណព្រលានយន្តហោះចាស់ ខេត្តសៀមរាបថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍នេះ បើកឲ្យសមាគមទេសចរណ៍ ប្រតិបត្តិករ ទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមទស្សនាដោយសេរី និងចូលរួមបរិច្ចាគថវិកាជូន​មន្ទីរពេទ្យ​កុមារអង្គរតាមរយៈគណនីលេខ 10071367 ឈ្មោះ GUMBALL 3000 X CHIP MONG APK៕