សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ដឺរិក យីប(Derek Yip) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
តាងនាមព្រះបរមនាម ព្រះករុណាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអបអរសាទរ និងសម្តែងស្វាគមន៍ ឯកឧត្ដម ដឺរិក យីប ដែលត្រូវបានតែងតាំង ជាឯកអគ្គរាជទូតថ្មីនៃប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់អគ្គរាជទូតថ្មី បន្ទាប់ពីឯកអគ្គរាជទូតចាស់បានចប់អាណត្តិនៅកម្ពុជា គឺជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលអូស្ត្រាលី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ។
សម្ដេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា ឯកឧត្តម ឯកអគ្គរាជទូតថ្មី នឹងបន្តការងារក្នុងអាណត្តិរបស់ខ្លួន ដើម្បីពង្រឹងនិងពង្រីកថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នៃប្រទេសយើងទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ។
ឯកឧត្តម ឯកអគ្គដ្ឋទូត បានថ្លែងអំណរគុណចំពោះសម្ដេច ប្រមុខរដ្ឋស្ដីទី ដែលបានអនុញ្ញាតឱ្យឯកឧត្តម បានចូលជួប និងប្រគល់សារតាំង នាឱកាសនេះ ។ ឯកឧត្តម បានជម្រាប សម្ដេចតេជោ ថាឯកឧត្តម និងភរិយា បានមកដល់ព្រះរាជាណាចក្រកម្ពុជាកាលពី ២សប្តាហ៍មុន និងពិតជាមានការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍ ភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងភាពរស់រាយរាក់ទាក់យ៉ាងកក់ក្តៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមថា នេះគឺជាកិត្តិយសដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា ដែលប្រទេសអូស្ត្រាលី បានចាត់ទុកកម្ពុជា ជាប្រទេសដែលមានសារៈសំខាន់ និងមានឥទ្ធិពលនៅក្នុងសហគមន៍អាស៊ាន។
ឯកឧត្តមអគ្គរាជទូត បានជម្រាបជូនសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ថា អូស្រ្តាលី តែងបានចាត់ទុកទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា ជាកិច្ចការសំខាន់ និងមានអាទិភាព ដោយសារតែប្រទេសកម្ពុជា និងអូស្រ្តាលី មានប្រវត្តិទំនាក់ទំនងយូរអង្វែង និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ឯកឧត្តម បានបន្តថា លោកជំទាវ Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី តែងតែផ្តល់អាទិភាព និងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងទ្វេភាគី អូស្រ្តាលី-កម្ពុជា ដែលជាសមាជិកសំខាន់ និងមានឥទ្ធិពលរបស់អាស៊ាន និងទំនាក់ទំនងជាមួយអាស៊ានផងដែរ ដោយសារតែអូស្រ្តាលី គឺជាដៃគូសន្ទនាដំបូងគេបំផុតរបស់អាស៊ាន ហើយឆ្នាំនេះ គឺជាខួបអនុស្សាវរីយលើកទី ៥០ នៃទំនាក់ទំនងភាពជាដៃគូសន្ទនា អាស៊ាន-អូស្រ្តាលី។
ឯកឧត្តម ថាប្រទេសអូស្ត្រាលី មានផលប្រយោជន៍ជាច្រើន ជាមួយកម្ពុជា ហើយឯកឧត្តម សន្យាថា និងជំរុញបន្ថែមទៀត ដល់អ្នកពាក់ព័ន្ធនានា ចូលមកប្រទេសកម្ពុជា ដើម្បីជួយជំរុញនិងពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ។
ឯកឧត្តមបានលើកឡើងថា អូស្ត្រាលី មានមោទនភាព ដែលបានចូលរួមជួយកម្ពុជា ក្នុងការស្វែងរកសុខសន្តិភាព តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយអូស្ត្រាលី ចាត់ទុកកម្ពុជា ជាដៃគូសំខាន់ និងស្ថិតនៅក្នុងបេះដូងរបស់ប្រទេសអូស្ត្រាលី ។
ឯកឧត្តមអគ្គរាជទូត ក៏បានកោតសរសើរផងដែរថា កម្ពុជា មានការរីកចម្រើនលឿន ហើយបានរំដោះខ្លួនពីភាពក្រីក្រ ដោយឯកឧត្តម សម្លឹងឃើញថា កម្ពុជា មានវិស័យជាច្រើន ដែលអូស្ត្រាលី អាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ ដូចដែលបានធ្វើកន្លងមក ដូចជាវិស័យសេដ្ឋកិច្ច សុខាភិបាល កសិកម្ម អប់រំ សន្តិសុខ និងការពារជាតិ បោសសំអាតមីន…។ល។
ឯកឧត្តម ក៏បានរំលឹកផងដែរថា ឆ្នាំនេះ គឺជាខួបឆ្នាំទី៣០ នៃអាហារូបករណ៍អូស្ត្រាលី ដែលអូស្ត្រាលី បានដល់ជូនចំពោះកម្ពុជា ហើយ អូស្ត្រាលី បានប្រកាសថា និងបង្កើនចំនួន អាហារូបករណ៍ ពី ៤៥ទៅ ៦២ កន្លែងដែលនឹងចាប់ផ្ដើមវគ្គសិក្សានៅខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។ ឯកឧត្តម បានចាត់ទុកថា កម្ពុជា មានជំនាញ និងកម្លាំងពលកម្មច្រើន ដែលលើកទឹកចិត្តសម្រាប់ការធ្វើវិនិយោគទុននៅកម្ពុជា ។
ឯកឧត្តម មានបំណងនឹងធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យ អភិបាលកិច្ច ដើម្បីធ្វើឱ្យអ្នកវិនិយោគទុនមានទំនុកចិត្ត នៅក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ហើយនឹងខិតខំធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត ខាងផ្នែកសេដ្ឋកិច្ចដោយខិតខំប្រឹងប្រែងយ៉ាងណា ឱ្យមានការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ ឯកឧត្តមសន្យាថា ស្ថានទូត និងធ្វើការជាមួយអ្នកវិនិយោគរបស់អូស្ត្រាលី ដើម្បីកំណត់កាលានុវត្តភាព នៅក្នុងវិស័យ ដែលមានសក្ដានុពល ដើម្បីជួយកម្ពុជា ឱ្យមានកំណើនសេដ្ឋកិច្ចថែមទៀត៕